SUN & MOON សាងសង់សណ្ឋាគារប្រណិតទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុន SUN & MOON Company Limited កាលពីថ្មីៗនេះ បានបើកការដ្ឋានសាងសង់គម្រោងសណ្ឋាគារដ៏ប្រណីតទី២ របស់ខ្លួនក្នុងរាជធានីភ្នំពេញឈ្មោះថា “SUN & MOON, The Light” បន្ទាប់ពីទទួលបានភាពជោគជ័យនិងការឆ្លើយតបជាវិជ្ជមានពីអតិថិជនទៅលើសណ្ឋាគារ SUN & MOON, Urban Hotel ដែលជាគម្រោងទី ១ របស់ខ្លួន។
មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ “SUN & MOON, The Light” នេះ មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។
ក្នុងគោលបំណងសម្រេចនូវបាវចនារបស់ខ្លួន “Stay. Inspired.” ក្រុមហ៊ុននឹងធ្វើឲ្យសណ្ឋាគារមួយនេះមានភាពទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបនិងប្រកបដោយភាពច្នៃប្រឌីត។ ទាំងអស់នេះនឹងផ្តល់ជាបទពិសោធន៍ល្អៗសំរាប់អតិថិជនរបស់ខ្លួន នេះបើយោងតាមប្រសាសន៏របស់លោក Noel O Furrer ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន។
សណ្ឋាគារ “SUN & MOON, The Light” ត្រូវបានរចនាដោយក្រុមហ៊ុនស្ថាបត្យករ Adrien Desport Architects (ADA) របស់ប្រទេសវៀតណាម។ សណ្ឋាគារមួយនេះនឹងមានរាងជាអគារពីរស្របគ្នា ដែលតំណាងឲ្យព្រះច័ន្ទនិងព្រះអាទិត្យដែលមានភាពខុសគ្នាប៉ុន្តែពួកគេតែងតែជាគូនឹងគ្នាជានិច្ច។ លើសពីនេះទៀត សណ្ឋាគារក៏មានសួនច្បារដ៏ធំ អាងហែលទឹកប្រវែង ២ ៥ម៉ែត្រ ក៏ដូចជាកន្លែងផ្សេងៗទៀតផងដែរ។
ជាការពិតណាស់គម្រោងអភិវឌ្ឍសណ្ឋាគារ “SUN & MOON, The Light” មានគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងសេចក្តីប្រាថ្នារបស់អ្នកធ្វើដំណើរទូទាំងពិភពលោកដើម្បីទទួលបានសេវាកម្មទំនើបតាមបែបស្តង់ដារអន្តរជាតិ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ២០១៩។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ SUN & MOON, Urban Hotel ដែលជាសណ្ឋារគារទី១ របស់ក្រុមហ៊ុនបានក្លាយជាសណ្ឋារគារដ៏ល្បីនិងពេញនិយមមួយនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសគឺ SkyBar ដែលសណ្ឋារគារនេះទទួលបានចំណាត់ថ្នាក់ Excellent នៅក្នុង Tripadvisor។





- Video Advertisement -