The Diplomat៖ ហេតុផល ៤ ចំណុចធំៗ ដែលបញ្ជាក់ថាផែរាម មិនមែនសាងសង់ដើម្បីជាមូលដ្ឋានយោធាចិននោះទេ

អត្ថបទវិភាគរបស់សារព័ត៌មានបរទេស The Diplomat កាលពីថ្មីៗនេះ បានលើកឡើងថា ឆ្នេររាមនៃក្រុងព្រះសីហនុ មិនមែនជាទីតាំងយុទ្ធសាស្រ្តរបស់ចិនក្នុងការដាក់មូលដ្ឋានយោធាជើងទឹក ដូចពាក្យចចាមអារាមនោះទេ។

អត្ថបទនេះសរសរដោយអ្នកវិភាគ និងស្រាវជ្រាវក្នុងស្រុកម្នាក់ឈ្មោះ Chen Heang ដោយលោកបានលើកហេតុផលធំៗ ៤ចំណុច មកបកស្រាយបញ្ហានេះ។

១) ឆ្នេររាមនៃក្រុងព្រះសីហនុ មានជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់សម្រាប់នាវាចម្បាំងទេ

ជាទូទៅនាវាយោធាធំៗ ត្រូវការជម្រៅទឹកជ្រៅដើម្បីធ្វើប្រតិបត្តិការ ប៉ុន្តែឆកកំពង់សោម ឬឆ្នេររាមផ្ទាល់មានជម្រៅត្រឹមតែ ៥ ទៅ ១០ម៉ែត្រប៉ុណ្ណោះ ដែលរាក់ខ្លាំងបើធៀបនឹងចំណុចផ្សេងទៀតនៃឈូងសមុទ្រថៃ ដែលមានជម្រៅជាមធ្យមប្រមាណ ៥០ ម៉ែត្រ។

២) ឆ្នេររាមនៅកម្ពុជា មិនមែនជាទីតាំងយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវទឹកទេ
មតិខ្លះលើកឡើងថា មូលហេតុចម្បងដែលចិនចង់ដាក់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជា គឺដើម្បីគ្រប់គ្រង និងឃ្លាំមើលនាវាពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនយោបាយផ្លូវទឹកនានា ដែលកើតឡើងនៅច្រកម៉ាឡាកា។

ប៉ុន្តែបើយោងតាមការវិភាគរបស់លោក Chen Heang ទីតាំងឆ្នេររាមនៅកម្ពុជា ដូចជាមិនសូវសាកសម្យ ព្រោះស្ថិតនៅឆ្ងាយ និងក្នុងពេកពីច្រកម៉ាឡាកា។ បើមើលបានផែនទី ចរាចរណ៍ភាគច្រើនមិនចូលមកដល់ក្នុងឆកកំពង់សោមច្រើននោះទេ។

លើសពីនេះ បើចិនចង់ឃ្លាំមើលសកម្មភាពផ្លូវទឹកនៅឈូងសមុទ្រថៃ ឬសមុទ្រចិនខាងត្បូងពិតមែន ចិនអាចធ្វើបានដោយងាយស្រួល នៅមូលដ្ឋានដែលមានស្រាប់នៅ Fiery Cross Reef នៃបណ្ដុំកោះ Spratly Islands ដែលជាទីតាំងយុទ្ធសាស្ត្រល្អជាងកម្ពុជាទៅទៀត។ (មើលផែនទី)

៣) តំបន់ឆកកំពង់សោមមិនមែនជាទីតាំងមាសទៀតទេ ព្រោះថៃសម្រេចមិនធ្វើព្រែកជីកក្រះឡើយ
ហេតុផលមួយទៀតដែលចិនចង់មកដាក់មូលដ្ឋានទ័ពនៅក្រុងព្រះសីហនុ គឺដោយសារចិនសម្លឹងឃើញថា ឆកកំពង់សោមនឹងក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ក្រោយប្រទេសថៃបង្កើតព្រែកជីកក្រះ។ ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាលថៃសម្រេចជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសឬ Land Bridge។ ដូច្នេះលោក Chen Heang បានវិភាគថា គ្មានហេតុផលអ្វីដែលចិនត្រូវមកដាក់ទ័ពនៅកម្ពុជាទៀតទេ។

៤) ការដាក់ទ័ពនៅកម្ពុជា មិនមែនជាជម្រើសវៃឆ្លាត ព្រោះនឹងបង្កភាពប្រទាំងប្រទើសជាមួយថៃ និងវៀតណាម
តាមការសង្កេតជាក់ស្ដែង ប្រទេសថៃ និងប្រទេសវៀតណាមសុទ្ធសឹងតែមានទំនាក់ទំនងស្អិតរមួតជាមួយអាមេរិក។ ដូច្នេះ កាលដែលចិនមកដាក់មូលដ្ឋានទ័ពនៅចំកណ្ដាលនៃប្រទេសទាំង ២ នឹងធ្វើឱ្យប្រទេសថៃ និងវៀតណាម ប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយសុំជំនួយពីអាមេរិក ដើម្បប្រឆាំងនឹងចិនរឹតតែខ្លាំងដូចគ្នា។ ជាលទ្ធផល ចិននឹងមិនចំណេញអ្វីទាំងអស់។

ការវិភាគរបស់លោក គឺស្របនឹងសេចក្ដីជូនដំណឹងពីរដ្ឋាភិបាលកម្ពុជា ដែលបានបដិសេធដដែលៗថា កម្ពុជាបានមិនបានចុះកិច្ចព្រមព្រៀងសម្ងាត់អ្វីជាមួយចិនទេ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់កាលពីខែ មិថុនា ឆ្នាំ២០២០ ថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសតាំងយោធានៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុជាក៏មិនតាំងយោធារបស់ខ្លួនលើទឹកដីបរទេសដែរ។

គួរបញ្ជាក់ផងដែរថា ការចោទប្រកាន់ពីកិច្ចព្រមព្រៀងសម្ងាត់នេះ គឺផ្ដើមចេញពីកាសែត Wall Street Journal កាលពីឆ្នាំមុន ស្របពេលដែរកម្ពុជាសម្រេចវាយកម្ទេចចោលអគារមូលដ្ឋានកងទ័ពរាមដែលជាអគារជំនួយពីអាមេរិក ដើម្បីអភិវឌ្ឍកំពង់ផែយោធាថ្មី។ (អានបន្ថែម)

ក្រៅពីឆ្នេររាម តំបន់តារាសាគរនៃខេត្តកោះកុងក៏ជាប្រធានបទក្ដៅគគុកមួយដែរ ដែលកន្លងមកទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន (អានបន្ថែម)។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា ក៏បានច្រានចោលម្ដងហើយម្ដងទៀត ដោយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ (អានបន្ថែម)

រូបភាពពី៖ Baliyan’s insight IAS

- Video Advertisement -