ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបភាពគំរូពី Wikimedia
ក្រសួងរ៉ែនិងថាមពលបានសម្រេចអនុម័តអោយឯកជនបោះទុនជាង ១ ពាន់លានដុល្លារអាមេរិក សាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ ថ្មីមួយទៀតនៅ តំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពលរបស់ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថារោងចក្រថាមពលធ្យូងថ្មនេះ បានស្នើសុំឡើងដោយក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ដែលបានអនុម័តជាគោលការណ៏ហើយ ចំណែកឯការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
ក្រុមហ៊ុន CIIDG នឹងសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មមួយនេះពីរឯកតា ដែលឯកតានីមួយៗមានអនុភាពផលិតអគ្គិសនីបានដល់ទៅ ៣៥០ មេហ្គាវ៉ាត់ ដែលសរុបទាំងអស់រោងចក្រមួយនេះនឹងផលិតអគ្គិសនីបានដល់ ៧០០ មេហ្គាវ៉ាត់។
គម្រោងវិនិយោគនេះស្ថិតក្រោមទម្រង់ជាសម្បទានបែបសាងសង់ – ប្រតិបត្តិ – កាន់កាប់ (build-operate-own) រយៈពេល ៣៥ ឆ្នាំ។
បើយោងតាមប្រភពដដែលនេះ ការសាងសង់រោងចក្រខាងលើនេះគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ ដោយឡែក ក្រុមហ៊ុនពុំទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេពីព័ត៌មានលំអិតទាក់ទងទៅនឹងទំហំផ្ទៃដីសំរាប់ការសាងសង់។
ឯកឧត្តម វិចទ័រ ហ្សូនាបានបន្ថែមទៀតថាគម្រោងនេះនឹងជួយបង្កើតការងារយ៉ាងហោចណាស់ ១៥០ កន្លែង ក៏ដូចជាបង្កើនការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងវិស័យឧស្សាហកម្មនានាផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន CIIDC គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ឧកញ៉ា ឡៅ ម៉េងឃិន និង លោកជំទាវ ឈឹង សុភាព ឬស្គាល់ជាទូទៅថា យាយ ភូ។ បច្ចុប្បន្នក្រុមហ៊ុននេះគឺជាម្ចាស់រោងចក្រថាមពលដើរដោយធ្យូងថ្មមួយដែរនៅក្នុងខេត្តព្រះសីហនុ ដែលមានសមត្ថភាពផលិតអគិ្គសនីបានទៅដល់ ២៧០មេហ្គាវ៉ាត់។
នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន ២ កន្លែងគឺរោងចក្ររបស់ក្រុមហ៊ុន CIIDG និង រោងចក្ររបស់ក្រុមហ៊ុនប្រទេសម៉ាឡេស៊ី Leader Universal Holdings។