WB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ
ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងកាន់តែមានភាពធន់ បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ឥណទាននេះ ត្រូវបានផ្តល់ដោយសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្រ ដោយបានចាក់បន្ថែមទៀតលើហិរញ្ញប្បទានចំនួន ២០០លានដុល្លារអាមេរិក ដែលធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២១ កន្លងមក។
បើតាមការបញ្ជាក់របស់ WB សេដ្ឋកិច្ចរបស់កម្ពុជាបានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឱ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដល់ -៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
ក្រៅពីវិបិត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ពីសង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។
ក្រៅពីនេះ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងចំនួន ២,៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឱ្យធ្លាក់ក្នុងភាពក្រីក្រវិញ។
ជាមួយនឹងឥណទាននេះ វានឹងជួយទ្រទ្រង់ដល់កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់ផ្សេងទៀតនឹងបង្កើនភាពធន់នៃសារពើពន្ធ រួមទាំងការកែលម្អការគ្រប់គ្រងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជន និងការសម្រួលដល់ការលក់ប័ណ្ណបំណុលរបស់រដ្ឋាភិបាលក្នុងទីផ្សារក្នុងស្រុក។
មួយផ្នែកទៀតនោះ វានឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើងនាពេលខាងមុខ។
- Video Advertisement -