WB: វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគួរស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់
ការរីកដុះដាលឥតឈប់ឈរនៃវិស័យសំណង់និងអចលនទ្រព្យព្រមទាំងកំណើននៃឥណទានដែលបានផ្តល់ឱ្យទៅវិស័យសំណង់និងអចលនទ្រព្យអាចនឹងក្លាយជាហានិភ័យសេដ្ឋកិច្ច និង ជាបញ្ហាប្រឈមមួយដែលគួរតែប្រុងប្រយ័ត្នសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨នេះ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ឬ World Bank ដែលចេញផ្សាយជាសាធារណៈកាលពីថ្មីៗនេះ។
របាយការណ៍នេះបានព្យាករណ៍ថាប្រទេសកម្ពុជានឹងមានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ៦,៩ ភាគរយ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលនេះក៏បានសង្កត់ធ្ងន់ទៅលើហានិភ័យមួយចំនួនដែលអាចនឹងកើតឡើងផងដែរ ដូចជាការកើនឡើងឥតឈប់ឈរនៃវិស័យសាងសង់និងអចលនទ្រព្យ។ ការកើនឡើងនេះគឺ ដោយសារតែឥណទានឬបញ្ចីទាក់ទង់នឹងវិស័យសំណង់និងអចលនទ្រព្យបានបើកចំហរនឹងបានកើនឡើងជាបន្តបន្ទាប់។
ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលបានកើន ២២,៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ដូចគ្នានេះដែរ ឥណទានចំពោះវិស័យសំណង់និងអចលនទ្រព្យក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ បើប្រៀបធៀបពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ឥណទានបានកើនឡើងពី២៨,៤ ដល់ ៣៧,១ ភាគរយ។
ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សបែបនេះទើបមានរបាយការណ៍មួយមកពីធនាគារពិភពលោកបានលើកឡើងថា គួរតែមានការត្រួតពិនិត្យអោយបានល្អិតល្អន់ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយសំខាន់បំផុតនោះគឺត្រូវកាត់បន្ថយវិសាលភាព ឬការបណ្តាក់ទុនលើសកម្មភាពណាដែលមានភាពប្រថុយប្រថានខ្ពស់។ ទាំងនេះ គឺដើម្បីបញ្ជៀសហានិភ័យសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើងដោយសារតែបញ្ហាទាំងនេះ។
ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចជារួមនៃប្រទេសកម្ពុជាដំណើរការបានល្អ ដែលប្រទេសចិនគឺជាប្រភពធំបំផុតនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងជាភ្ញៀវទេសចរដ៏សំខាន់មកកាន់ប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសម្បត្តិចំនួន ១.៤៣០ លានដុល្លារពីប្រទេសចិន ឬ ស្មើនឹង ២៧ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេស។
- Video Advertisement -