ការបញ្ចាំ និងបញ្ចាំផ្ដាច់ខុសគ្នាដូចម្ដេច? សូមមើលកិច្ចសន្យា ប្រយ័ត្នបាត់ទ្រព្យមិនដឹងខ្លួន!
តើអ្នកដឹងទេថា ពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសង់ប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន។ ប៉ុន្តែ បើជាការបញ្ចាំផ្ដាច់វិញ ម្ចាស់បំណុលមានសិទ្ធិលក់។ តើត្រូវសង្កេតនឹងប្រយ័ត្នដូចម្ដេច?
ជាក់ស្ដែង ការបញ្ចាំ និងការប្រាតិភោគដោយអនុប្បទាន (បញ្ចាំផ្ដាច់) គឺស្រដៀងគ្នា ពោលគឺការយកទ្រព្យទៅដាក់តំកល់ ដើម្បីខ្ចីប្រាក់។
ប៉ុន្តែ ការបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ខុសគ្នានៅត្រង់ថា៖
ការបញ្ចាំ អាចធ្វើបានទាំង ចលនវត្ថុ ឬអចលនវត្ថុ ដោយយកទ្រព្យនោះទៅតំកល់ដើម្បីទទួលបានប្រាក់កម្ចី ដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។ ក្នុងករណីខកខានសង ម្ចាស់បំណុលលើការបញ្ចាំ មិនអាចលក់ទ្រព្យបញ្ចាំនោះបានដោយឯកតោភាគីបានទេ ទោះបីក្នុងពេលធ្វើកិច្ចសន្យាកូនបំណុលព្រមឱ្យម្ចាស់បំណុលធ្វើដូច្នោះបានក្ដី (មាត្រា ៨២៧ ក្រមរដ្ឋប្បវេណី)។
ម្ចាស់បំណុល ត្រូវប្តឹងទៅតុលាការ ដើម្បីឱ្យតុលាការចេញសេចក្ដីសម្រេចលក់ដោយបង្ខំជាមុនសិន។ (អានបន្ថែម)
ដោយឡែក ប្រាតិភោគដោយអនុប្បទាន ឬការបញ្ចាំផ្ដាច់វិញ ធ្វើបានចំពោះចលនវត្ថុប៉ុណ្នោះ មិនអាចធ្វើលើអចលនទ្រព្យបានទេ។ ប្រាតិភោគដោយអនុប្បទាន អតិថិជនត្រូវធ្វើអនុប្បទានសិទ្ធិ ឬផ្ទេរ ចលនវត្ថុរបស់ខ្លួនទៅម្ចាស់បំណុល ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។
ក្នុងករណីមិនមានសំណង ម្ចាស់បំណុលលើប្រាតិភោគដោយអនុប្បទាន មានសិទ្ធិលក់ទ្រព្យនោះ ទៅតាមច្បាប់ និងនីតិវិធីជាធរមាន។
ដូច្នេះ ក្នុងនាមជាអតិថិជនដែលចង់ដាក់ទ្រព្យបញ្ចាំ ត្រូវតែមើលកិច្ចសន្យាឱ្យច្បាស់លាស់ថាជាការបញ្ចា ឬបញ្ចាំផ្ដាច់ ( ប្រាតិភោគដោយអនុប្បទាន ) ដើម្បីចៀសវៀងការបាត់ទ្រព្យ ដោយមិនបានរំពឹកទុក។
លើសពីនេះកូនបំណុលក៏ត្រូវប្រុងប្រយ័ត្នចំពោះ ករណីហាងបញ្ចាំ ដែលធ្វើកិច្ចសន្យាបញ្ចាំធម្មតា មិនមែនបញ្ចាំផ្ដាច់ តែរឹបអួសទ្រព្យទៅលក់ដោយឯកតោភាគី ដោយគ្មានការដឹងលឺពីតុលាការ។ នេះជាអំពើខុសច្បាប់។
ជាងនេះទៅទៀត កូនបំណុល គួរសង្កេតមើលលិខិតអនុញ្ញាតិ ឬអាជ្ញាបណ្ណរបស់ហាងបញ្ចាំនោះផងដែរ។
បើតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន បានកំណត់ឱ្យរាល់ការប្រកបអាជីវកម្មទទួលបញ្ចាំ និង/ឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទានខ្នាតមធ្យម និងខ្នាតធំ ត្រូវមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ចំពោះ ខ្នាតតូចវិញ គឺត្រូវមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត។
ប្រភេទអាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន រួមមាន៖
- ខ្នាតតូច ត្រូវមានដើមទុនចាប់ពី ២០ លានរៀល ដល់ ៤០ លានរៀល
- ខ្នាតមធ្យម ត្រូវមានដើមលើសពី ៤០ លានរៀល ដល់ ២០០ លានរៀល
- ខ្នាតធំ (កម្រិត១) ត្រូវមានដើមទុនលើសពី ២០០ លានរៀល ដល់ ៨០០ លានរៀល
- ខ្នាតធំ (កម្រិត២) ត្រូវមានដើមទុនលើសពី ៨០០ លានរៀល ឡើងទៅ
បន្ថែមពីនេះ អាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ត្រូវដាក់ប្រាក់តម្កល់ធានា អាជីវកម្មចំនួន ១០% នៃដើមទុនប្រកបអាជីវកម្មនៅក្នុងគណនីទោលរតនាគារជាតិ ឬសាខារតនាគារជាតិ។
មួយវិញទៀត អាជីវកម្មទទួលបញ្ចាំដែលទទួលបានអាជ្ញាបណ្ណ អាចផ្តល់ប្រាក់កម្ចីសម្រាប់ឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុមិនត្រូវលើសពី ២០.០០០.០០០រៀលឡើយ ក្នុងមួយប្រតិបត្តិការ។
រីឯ អាជីវកម្មទទួលបញ្ចាំដែលទទួលបានលិខិតអនុញ្ញាត អាចផ្តល់ប្រាក់កម្ចីសម្រាប់ឯកសារបញ្ជាក់សិទ្ធិកាន់កាប់អចលនវត្ថុមិនត្រូវលើសពី ៤.០០០.០០០រៀលឡើយ ក្នុងមួយប្រតិបត្តិការនៃទ្រព្យបញ្ចាំ។
ចំពោះ អត្រាការប្រាក់វិញ ត្រូវបានកំណត់តាមការ កិច្ចព្រមព្រៀងរវាងអ្នកទទួលបញ្ចាំ ឬអ្នកទទួលប្រាតិភោគដោយអនុប្បទាន និងអ្នកដាក់បញ្ចាំ និងអ្នកដាក់ប្រាតិភោគដោយអនុប្បទាន អនុលោមតាមច្បាប់ជាធរមាន។
ការប្រកបអាជីវកម្មទទួលបញ្ចាំ ឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលពិន័យចំនួន ១០.០០០.០០០រៀល និងពិន័យ ៥.០០០.០០០ បើគ្មានលិខិតអនុញ្ញាត ព្រមទាំងបញ្ឈប់អាជីវកម្មជាបន្ទាន់។
- Video Advertisement -