ការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារ បន្តដល់ខែមិថុនា ២០២២
រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២។
ការលើកលែងនេះ ជាការបន្តពីថ្ងៃផុតកំណត់ចាស់ នៅខែមីនា ២០២២ ទិសដៅដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម)
ការផ្តល់ការអនុគ្រោះនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹក ២២ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា៖ «រាជរដ្ឋាភិបាល នឹងបន្តផ្តល់ការ-អនុគ្រោះផ្នែកពន្ធ ដូចដែលបានដាក់ចេញនៅក្នុងវិធានការអន្តរាគមន៍ទាំង១០ជុំកន្លងមក សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩»។
គួរបញ្ជាក់ថា ក្រៅពីលើកលែងពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក៏គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែមទៅដល់អាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។
ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ ដោយទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ នឹងអាចជួយដល់ប្រតិបត្តិករច្រើន។ (អានបន្ថែម)

