ក្រសួងប្ដេជ្ញាចេញបណ្ណកម្មសិទ្ធិដីធ្លីឱ្យបាន ១០០% នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នបានជាង ៩០%

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញានឹងបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសឱ្យ១០០% ឬស្មើនឹងបាន ៧លានក្បាលដី នៅឆ្នាំ២០២៣ ខណៈបានសន្យាថានឹងបន្ដដោះស្រាយ និងបង្កាវិវាទដីធ្លីប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងបានចេញបណ្ណកម្មសិទ្ធិ ដីធ្លីបានជាង៦,៤លានប័ណ្ណ ឬស្មើនឹង ៩០,០៣% នៃក្បាលដីសរុប។

ឯកឧត្តមបន្ថែមថា ការដាក់ចេញនូវផែនការផ្តល់បណ្ណកម្មសិទ្ធិនេះ គឺដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។ ការរៀបចំដីនេះ ក៏នឹងធ្វើឱ្យម្ចាស់ដីមានទំនុកចិត្តក្នុងការប្រើប្រាស់ ឬអភិវឌ្ឍដីជាងមុនផងដែរ។

ដោយឡែក ចំពោះការដោះស្រាយវិវាទដីធ្លីគ្រប់រូបភាពវិញ គិតចាប់ពីឆ្នាំ ២០០៣ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងដោះស្រាយបានសរុប ១០ ៦៣៤ ករណី ខណៈកំពុងដោះស្រាយប្រមាណ ៣ ១៤៨ ករណី។
បច្ចុប្បន្ន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កំពុងបន្តដោះស្រាយវិវាទខេត្តកោះកុង ដែលនឹងឈានដល់ការស្រុះស្រួលបញ្ចប់នៅក្នុងពេលដ៏ខ្លីខាងមុខ។

- Video Advertisement -