ក្រសួងមហាផ្ទៃបើកភ្លើងខៀវលើសំណើសុំបង្កើត ឃុំសង្កាតថ្មីចំនួន ៦

ក្រសួងមហាផ្ទៃបានផ្តល់ភ្លើងខៀវដល់រដ្ឋបាលខេត្តចំនួន ៦ សម្រាប់ការស្នើសុំបង្កើតឃុំថ្មីចំនួន ៦ ក៏ដូចជាសុំកែប្រែព្រំប្រទល់រដ្ឋបាលមួយចំនួននៅក្នុងខេត្ត។

យោងតាមលិខិតលេខ ១៤៦ សជណ/អរប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឃុំសង្កាត់ ដែលបានស្នើបង្កើតថ្មីរួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និង សង្កាត់អូរឫស្សី។

ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ)

ដោយឡែក សំណើសុំកែប្រែព្រំប្រទល់វិញ គឺមកពីខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលនឹងកែព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។

បន្ទាប់ពីការពិចារណា ក្រសួងមហាផ្ទៃបានណែនាំរដ្ឋបាលខេត្តទាំង ៦ នេះ ឱ្យបង្កើតក្រុមការងារដើម្បីសិក្សាលម្អិត រៀបចំផែនទី និងធ្វើរបាយការណ៍ពេញលេញ រួចបញ្ជូនមកក្រសួងមកនឹងឈានទៅ នីតិវិធីបន្តបន្ទាប់។

- Video Advertisement -