ក្រសួងអប់រំស្នើម្ចាស់ទីតាំងដីនិងធនាគារជួយសម្រួលដល់គ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ពីកូវីដ-១៩

ក្រសួងអប់រំ ស្នើសុំឱ្យម្ចាស់ទីតាំងដី ជួយសម្រួលដល់គ្រឹះស្ថានសិក្សា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ក្រសួងបានស្នើដូចនេះ ក្រោយពេលមានការអំពាវនាវពីសំណាក់គ្រឹះស្ថានអប់រំឯកជន ចំនួន ១១៣ គ្រឹះស្ថាន ដែលបានអះអាងថា គ្រឹះស្ថានរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃមេរោគកូវីដ១៩ និងកំពុងប្រឈមនឹងការក្ស័យធន។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ០៣ ខែមេសាឆ្នាំ ២០២០ គ្រឹះស្ថានអប់រំឯកជនចំនួន ១១៣ គ្រឹះស្ថាន នៃសមាគមឧត្តមសិក្សាកម្ពុជា បានត្អូញត្អែរថា ពួកគេមិនអាចបង់ថ្លៃអគារ និងប្រាក់ខែបុគ្គលិកសាលារៀនរបស់ខ្លួនបានគ្រប់គ្រាន់ទេ ត្បិតថាសាលាត្រូវបានបិទទ្វារបណ្តោះអាសន្ន ស្របតាមសេចក្តីប្រកាសទូទាំងប្រទេសរបស់ក្រសួងអប់រំស្តីពីការឈប់សម្រាកមុនពេលពាក់កណ្តាលខែបី។

ឆ្លើយតបនឹងកង្វល់នេះ នៅក្នុងសេចក្តីជូនដំណឹងលេខ ២១ អ.យ.ក ស.ណ.ន របស់ក្រសួងអប់រំយុវជននិងកីឡាដែលចុះថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២ ស្តីពីការលើកកម្ពស់បង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិកត្រូនិក ដឹកនាំដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ក្រសួងបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យ និងទាំងធនាគារជាតិ និងឯកជនកាត់បន្ថយលក្ខខណ្ឌបង់ប្រាក់ ដល់គ្រឹះស្ថានអប់រំដែលរងផលប៉ះពាល់ពីមេរោគកូវីដ១៩។

សេចក្តីប្រកាសនោះបានសរសេរថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំម្ចាស់កម្មសិទិ្ធអចលនទ្រព្យទាំងអស់ កាត់បន្ថយថ្លៃឈ្នួល សម្រាប់គ្រឹះស្ថានអប់រំឯកជនមួយចំនួន ដូច្នេះយើងអាចជួយដោះបន្ទុកខ្លះ សម្រាប់ពួកគេ និងសម្រេចបាននូវដំណោះស្រាយឈ្នះឈ្នះ សម្រាប់ទាំងអស់គ្នា” ។

ក្នុងន័យដូចគ្នា សម្រាប់វិស័យធនាគារ ក្រសួងបានអំពាវនាវថា “ក្រសួងអប់រំយុវជន និងកីឡា សូមស្នើសុំឱ្យធនាគារជាតិនៃកម្ពុជា ជួយអន្តរាគមន៍តាមការចាំបាច់ ជាមួយធនាគារពាណិជ្ជ ដែលបានផ្តល់ប្រាក់កម្ចីដល់គ្រឹះស្ថានអប់រំមួយចំនួន សូមជួយកាត់បន្ថយអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី និងពន្យារពេលរយៈពេលនៃការទូទាត់សង ទៅតាមលទ្ធភាព…”។

សូមរម្លឹកថា សម្តេចហ៊ុនសែន ទើបតែបានប្រកាសកាលពីថ្ងៃទី ៧ ខែមេសា ដោយស្នើសុំឱ្យម្ចាស់អចលនទ្រព្យ កាត់បន្ថយថ្លៃឈ្នួលក្នុងកំឡុងគ្រាមានវិបត្តិនេះ ដោយសារតែអាជីវកម្មភាគច្រើនខាតបង់ប្រាក់ចំណេញ៕

 

- Video Advertisement -