ក្រសួង ៖ ម្ចាស់គម្រោងត្រូវចុះបញ្ជីបំបែកក្បាលដី ឬចំណែកឯកជន សិនទើបបើកលក់គម្រោងបាន
ចាប់ពីឆ្នាំ ២០២២ នេះតទៅ ម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ត្រូវធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិឱ្យបានរួចរាល់សិនមុននឹងអាចចាប់ផ្ដើមបើកការលក់បាន។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៣១ ធ្នូ ២០២១។
គោលការណ៍ថ្មីនេះ មានទិសដៅដើម្បីបង្កើនតម្លាភាព និងកាត់បន្ថយបញ្ហាវិវាទដីធ្លី ដែលកើតមានរវាងម្ចាស់គម្រោង និងអ្នកទិញ។
បើមានការបំបែកក្បាលដី ឬចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ រួចជាស្រេចមុនលក់ អ្នកទិញបូរី ឬខុនដូ នឹងមានទំនុកចិត្តជាងមុន ថាខ្លួននឹងទទួលបានប្លង់ដែលជាចំណែករបស់ខ្លួន យ៉ាងជាក់ច្បាស់ មិនមែនរង់ចាំទាល់តែទិញរួចទើបមានការបំបែកប្លង់តាមក្រោយនោះទេ។
ក្រៅពីនេះ ចាប់ពីឆ្នាំ ២០២២ តទៅ ក្រសួងដែលដីនឹងអនុវត្តការដាក់បញ្ចូលក្រឡាផ្ទៃសំណង់ទៅក្នុងបណ្ណកម្មសិទ្ធិផងដែរ។ ដូច្នេះ ម្ចាស់ផ្ទះ ឬខុនដូ នីមួយៗ នឹងដឹងពីទំហំផ្ទះរបស់ខ្លួនយ៉ាងច្បាស់។

