ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥ តម្លៃ ១,៣ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។
ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន HERBA (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣,៦លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន Y.T PLASTIC CO., LTD ដែលនឹងវិនិយោគ ៥,៨ លានដុល្លារ បង្កើតរោងចក្រផលិតសម្ភារៈអគ្គិសនី អំពូលភ្លើង និងគ្រឿងបង្គុំអំពូលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង។
ក្រុមហ៊ុនទី៥ គឺក្រុមហ៊ុន HUADIAN SIHANOUKVILLE POWER GENERATION CO., LTD ដែលនឹងវិនិយោគ ១២៨៣លានដុល្លារ បង្កើតរោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា រោងចក្រផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ ជាក់ស្ដែងបានចាប់ផ្ដើមសាងសង់មួយរយៈមកហើយ មុនទទួលបានវិញ្ញាបនប័ត្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅទៀត។ បើគិតត្រឹមខែ មករា ឆ្នាំ ២០២១ គម្រោងនេះបញ្ចប់បានប្រមាណ ៣៥% ហើយ។ (អានបន្ថែម)
យ៉ាងណាមិញ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ៥ ខាងលលើនេះ នឹងចូលរួមបង្កើតការងារចំនួន ២,៦៧០ កន្លែងដល់ប្រជាពលរដ្ឋក្នុងតំបន់។
សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមចុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ២៧គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង២ ពាន់លានដុល្លារ។
- Video Advertisement -