គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ទទួលបានការអនុញ្ញាត

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលបានការអនុញ្ញាតជាគោលការណ៍ ដោយអាជ្ញាធរពាក់ព័ន្ធស្នើឱ្យម្ចាស់គម្រោងរៀបចំផែនការវិនិយោគ​ និងអាជីវកម្មឱ្យបានច្បាស់លាស់ស្នើដល់ក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច។​

ក្រុមមន្ត្រីពាក់ព័ន្ធ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងលើករណីស្នើសូមជួលដីទំហំ ៣០៨ហិកតា ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្តឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។​

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន បានគាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស។

អាជ្ញាធរពាក់ព័ន្ធ បានស្នើដល់ក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី និងរាល់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសុំច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធី។

លោក អ៊ុក ភ័ក្ត្រា លើកឡើងថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ៕

គួររម្លឹកផងដែរថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ក៏មានក្រុមហ៊ុនឯកជនស្នើជួលដីរដ្ឋទំហំ ៣៦៩ហិកតា សម្រាប់គម្រោងបង្កើតវារីវប្បកម្មក្តាម និងសាងសង់កំពង់ផែខ្នាតតូចមួយ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ (អានបន្ថែម)

- Video Advertisement -