បញ្ហា EBA និងកូរ៉ូណា អាចជាឱកាសសម្រាប់អ្នកវិនិយោគដែលមានទស្សនវិស័យវែង

អ្នកជំនាញអចលទ្រព្យពីររូប បានយល់ឃើញថា បញ្ហាការដកសិទ្ធិពាណិជ្ជកម្ម EBA ដោយសហភាពអឺរ៉ុប និងការរាតត្បាតនៃជំងីកូរ៉ូណា ( COVID-19) ដែលជាប្រធានបទដ៏ក្តៅគគុកនេះ មិនបានចោទជាបញ្ហាធំចំពោះប្រទេសកម្ពុជាទេ តែវាជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ។

តាមរយៈបទសម្ភាសន៍ជាមួយ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធិធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានឱ្យដឹងថា៖ «ប្រទេសកម្ពុជា ទោះមានមេរោគរាតត្បាត តែយើងការពារខ្លួនបានល្អ ដូចច្នេះការប៉ះពាល់មានកម្រិត ដែលគេសម្លឹងមើលឃើញថា ប្រទេសកម្ពុជា ជាប្រទេសថែរក្សាសុខភាពបានល្អ»។

លោកស្រីបន្ថែមថា បើតាមការឱ្យដឹងពីភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី នៅប្រទេសចិន អ្នកវិនិយោគមួយចំនួនដែលកំពុងតែមានអាជីវកម្មក្នុងខេត្ត ៣ ដែលកំពុងប៉ះពាល់ខ្លាំងដោយវីរុសកូរ៉ូណានេះ មានបំណងចង់ផ្លាស់ប្តូរអាជីវកម្ម ឬរោងចក្ររបស់ពួកគាត់ មកប្រទេសកម្ពុជាវិញ..នេះគឺជាឱកាស។

ចំណែក EBA វិញ លោកស្រីបានពន្យល់ថា៖ «ប្រទេសសិង្ហបុរីដែលមិនមាន EBA ដូចកម្ពុជា តែជាប្រទេសអ្នកមាន ដែលមានត្រឹមតែធនធានមនុស្សប៉ុណ្ណោះ ដូចនេះ កម្ពុជាអាចរៀនពីប្រទេសសិង្ហបុរីបាន។ តួយ៉ាងក្រសួងអប់រំ យុរជន និងកីឡា បាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្រសួង បញ្រ្ជាបកម្មវិធីសិក្សាអំពីសហគ្រិនភាព ឱ្យចេះរកស៊ីរកបា្រក់ចំណេញ»។

លោកស្រី បញ្ជាក់ទៀតថា យើងត្រូវមើលទៅលើ ២ ចំណុច ចំណុចទី១ គឺមើលទៅលើបញ្ហា និងចំណុចទី២ គឺមើលទៅលើឱកាសផងដែរ។ ក្នុងកាលទេសៈបែបនេះ យើងមិនត្រូវសំឡឹងទៅមើលតែបញ្ហាមួយមុខនោះទេ តែយើងត្រូវចេះចាប់យកឱកាស តើគួររកស៊ីអាជីវកម្មបែបណា ដើម្បីចំណេញដល់ខ្លួនឯង និងដល់ប្រទេសជាតិផងដែរ។

ដូចគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុនៅកម្ពុជា ក៏បានយល់ឃើញដូចលោកស្រីដែរ។ ចំពោះបញ្ហាកូរ៉ូណា លោកមានប្រសាសន៍ថា៖ « ពេលនេះវាគ្រាន់តែជាជំងឺភ័យខ្លាចតែប៉ុណ្ណោះ ហើយវាជាឧបសគ្គសម្រាប់អ្នកដែលហ៊ាន និងមិនហ៊ានសម្រាប់អ្នកវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជាភាពប្រឈមក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ»។

ឆ្លើយតបនឹងបញ្ហាជារួម លោកបន្ថែមថា អ្នកវិនិយោគគេតែងតែចាប់យកឱកាសបានគ្រប់កាលៈទេសៈ ពីព្រោះក្នុងពេលមានបញ្ហាបែបនេះ អ្នកវិនិយោគគឺមានឱកាសក្នុងការចរចារខ្ពស់ ប៉ុន្តែយើងត្រូវមានចក្ខុវិស័យ និងគោលបំណងផ្ទាល់ខ្លួនច្បាស់លាស់ ហើយថាតើការវិនិយោគរបស់យើងមានរយៈពេលខ្លី ឬរយៈពេលវែង។

ដូចនេះ ក្នុងស្ថានភាពបែបនេះ ការវិនិយោគរយៈពេលវែងជាលក្ខខណ្ឌដ៏ល្អ និងមានឱកាសចំណេញប្រាក់ច្រើន តែបើយើងវិនិយោគរយៈខ្លី យើងត្រូវពិនិត្យមើលទីតាំងឱ្យបានល្អ។

សរុបជារួម អំឡុងពេលនេះ បញ្ហាដែលកំពុងកើតឡើងគឺជាឱកាសមួយដ៏ប្រសើរសម្រាប់អ្នកវិនិយោគអចលទ្រព្យ។ តម្លៃអចលនទ្រព្យពេលនេះ ស្ថិតនៅក្នុងស្ថានភាពមួយមិនប្រែប្រួល ដែលអ្នកវិនិយោគមានដើមទុនមធ្យមអាចទិញ-លក់អចលនទ្រព្យទាំងនោះបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ នេះ មានករណីឆ្លងសរុបចំនួន ៨២, ០៤៣ ករណី និងមានអ្នកស្លាប់ ២ ៨០១ នាក់ ដោយសារការរីករាលដាលនៃជំងឺ COVID-19 នៅជុំវិញពិភពលោក។ ប៉ុន្តែតួរលេខផ្លូវការបញ្ជាក់ថាកម្ពុជាមានករណីឆ្លងត្រឹមតែ១ករណីគត់។

ដោយឡែក ទាក់ទងនឹងស្ថានភាពនៃការដក EBA នេះ គណៈកម្មការសហភាពអឺរ៉ុប បានប្រកាសកាលពី ១២ ខែកុម្ភៈ កន្លងមកនេះ ថានឹងដកការអនុគ្រោះពាណិជ្ជកម្ម EBA មួយផ្នែកប៉ុណ្ណោះពីប្រទេសកម្ពុជា ដែលការផ្លាស់ប្តូរនេះ និងមានសុពលភាពនៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ បើមិនមានការផ្លាស់ប្ដូរបន្ថែម។

ប្រសិនបើរឿងនោះកើតឡើងពិតមែនក្នុងខែសីហា ប្រទេសកម្ពុជានឹងបាត់បង់ប្រមាណ ២០% នៃសិទ្ធិអនុគ្រោះ EBA ឬស្មើនឹងប្រមាណ ១,១ ពាន់លានដុល្លារនៃការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប។

- Video Advertisement -