ពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី
ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។
លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។
លោកបន្តថា តំបន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាផងដែរដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋទាំងនោះ។
លោក ង៉ាន់ ភិរុណ ពន្យល់ទៀតថា ការផ្ដល់ដីថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ គឺដោយសារពួកគាត់រស់នៅលើដីចំណីស្ទឹង ដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្តសៀមរាប ពោលគឺគម្រោងកែលម្អដងស្ទឹងសៀមរាប គម្រោងផ្លូវ ៣៨ខ្សែ និងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបជារួម។
គួរបញ្ជាក់ផងដែរថា ត្រឹមខែមីនា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបសម្រេចបានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

