ភ្នំបូកគោនឹងក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ២០៣៥
រដ្ឋាភិបាលនឹងអភវិឌ្ឍភ្នំបូកគោនៃខេត្តកំពត ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ ២០៣៥ តាមរយៈការដាក់ចេញប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ ដែលចេញផ្សាយក្នុងសិក្ខាសាលាកាលពីថ្ងៃទី ២៩ ខែ សីហា។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការប្រកាសជាសាធារណនៃគម្រោងទីក្រុងបូកគោនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមអភិវឌ្ឍទីក្រុងបូកគោ ដែលនឹងក្លាយជាទិសដៅទេសចរណដ៏ទាក់ទាញមួយនាពេលខាងមុខ។
គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ បានកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៥ គឺសំដៅរៀបចំ និងអភិវឌ្ឍ ភ្នំបូកគោ ជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា។
ចែកចេញជា៨តំបន់ផ្សេងគ្នា មានដូចតំបន់លំនៅដ្ឋាន ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ។ល។ ទីក្រុងបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡា ជិត៩ពាន់ ឬប្រមាណ ៥ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤ ៤៥៨ មែត្រក្រឡា។
ក្នុងនោះដែរ ដើម្បីឲ្យភ្នំបូកគោក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចំនួន ៧ ចំណុច ដែលរួមមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍។
តាមការបញ្ជាក់របស់ ឯកឧត្តម ជា សុផារ៉ា សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ គឺនឹង មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ លើកកម្ពស់អនាម័យចំណីអាហាររៀបចំកន្លែងផ្តល់សេវាកម្ម និងព័ត៌មាន។
ក្រៅពីការអភិវឌ្ឍន៍ខាងលើនេះ រដ្ឋាភិបាលនឹងរៀបចំឲ្យមានផលិតផលទេសចរណ៍ជាច្រើនប្រភេទបន្ថែមទៀត។
ក្នុងនោះដែរក៏មាន ការអភិវឌ្ឍន៍កន្លែងលក់វត្ថុអនុស្សាវរីយ៍ សួនកសិកម្មសេរីរាង្គ ទេសចរណ៍ធម្មជាតិតាមព្រៃភ្នំ ទេសចរណ៍វប្បធម៍ និងសាសនា រមណីយដ្ឋានទឹកធ្លាក់ ចំការកង្ហារលើភ្នំ ប្រណាំងទូកក្នុងបឹងលើភ្នំ ការធ្វើដំណើរតាមខ្សែកាប ស្ពានយោលគយគន់ព្រៃឈើ និងសមុទ្រ កន្លែងមើលព្រះអាទិត្យរះ-លិច មើលហ្វូងផ្កាយក្នុងប្រពន្ធ័កាឡាក់ស៊ីលើអាកាស និងស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរៀបចំបុណ្យជាតិ និងព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍។
ដើម្បីជំរុញការអភិវឌ្ឍន៍នេះទៀតសោទ រដ្ឋាភិបាលក៏នឹងទាក់ទាញលើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគសាធារណៈ និងឯកជនផងដែរ។
ថ្លែងនៅក្នុងសិក្ខាសាលា ឯកឧត្តម ជា សុផារ៉ា ថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្តដល់អ្នកវិនិយោគ និងធុរជនជាតិ និងអន្តរជាតិទាំងអស់ពិនិត្យលទ្ធភាពចូលរួម វិនិយោគគម្រោងអភិវឌ្ឍក្រុងបូកគោ…»។
លោកស្រី អាន់ សុធីតា នាយកប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia យល់ឃើញថា គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ នឹងជួយជំរុញវិស័យទេសចរណ៍ ដែលនឹងនាំមកតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីគាំទ្រវិស័យទេសចរណ៍។
លោកស្រី អាន់ សុធីតា មានប្រសាសន៍ថា៖ «វិស័យទេសចរណ៍ជាវិស័យស្នូលមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ នឹងជួយលើកកំពងស់វិស័យទេសចរណ៍ជាងមុន។ ចំណែកការវិនិយោគអាស្រ័យលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លឿនប៉ុន្មាន ព្រោះថា ការសាងសង់ពិបាក ព្រោះវាខ្ពស់ពិបាកសាសង់»។
បច្ចុប្បន្ន តម្លៃដីនៅខេត្តកំពត មានតម្លៃចាប់ពី៣០០ ទៅ៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េសម្រាប់ដីក្នុងក្រុងកំពត និងនៅក្រោម១៥០ដុល្លារ សម្រាប់ដីនៅក្រៅក្រុងកំពត។
មានចម្ងាយជាង៤០ គីឡូម៉ែត្រ ពីក្រុងកំពត ក្រុងបូកគោ ស្ថិតនៅលើភ្នំបូកគោ ដែលមានកម្រិតកម្ពស់អតិបរមា ១ ០៧៥គីឡូម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ៕




- Video Advertisement -