រដ្ឋនឹងចេញផែនការថ្មីបន្ដសាងសង់អគារខ្ពស់ៗ ដែលជាប់គាំងនៅខេត្តព្រះសីហនុឡើងវិញ

រដ្ឋាភិបាលត្រៀមដាក់ចេញផែនការថ្មី ដើម្បីអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុឡើងវិញ តាមរយៈការទាក់ទាញអ្នកវិនិយោគថ្មីៗ ឱ្យបន្ដសាងសង់អគារខ្ពស់ៗដែលមិនទាន់បញ្ចប់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុជាច្រើនបានផ្អាកការសាងសង់ បន្ទាប់ពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើង។

នេះជាការលើកឡើងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។

ឯកឧត្តម ថាអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍ យើងនឹងទាក់ទាញអ្នកវិនិយោគមកបន្ត ឬលក់ទៅឱ្យអ្នកផ្សេង ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រតិបត្តិការឡើងវិញ។

គួរបញ្ជក់ថា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋាភិបាលក៏បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលសក្តានុពល៕ (អានបន្ថែម និងបន្ថែម)

- Video Advertisement -