រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់មាត់សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។
នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។
អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖
១- ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតងតាមបណ្តោយឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។
២- ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនា។
៣- ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភពនៃសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា តាមរយៈការគ្រប់គ្រង ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម និងប្រើប្រាស់ដីជាធរមាន។
៤- ការពាររក្សា ភ្នំ ព្រៃឈើ និងទេសភាពធម្មជាតិនៃតំបន់ឆ្នេរសមុទ្រដែលជាមរតកប្រវត្តិសាស្រ្ត ឱ្យគង់វង្សតាមរយៈការដាក់នូវវិធានការ ផែនការគ្រប់គ្រង និងតាមដានការភិវឌ្ឍន៍ជាប្រចាំ។
៥- លើកកម្ពស់ការគ្រប់គ្រងអភិរក្សកោះ និងប្រជុំកោះ ដោយធានាបាននូវធនធានធម្មជាតិ ទេសភាព និងជីវៈចម្រុះនៅលើកោះ និងជុំវិញកោះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានផែនការត្រួតពិនិត្យច្បាស់លាស់។

