រដ្ឋស្នើឱ្យម្ចាស់គម្រោងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ
រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ធ្វើការបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូ រយៈពេលមួយឆ្នាំ ខណៈការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ដ។
សំណូមពរនេះ ស្នើឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយស្ថាប័នទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ។
ក្រោយកិច្ចប្រជុំ ស្ថាប័នទាំង ២ សម្រេចចេញលិខិតអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
ជាពិសេស ក្រុមហ៊ុនគួរលើកលែងការផាកពិន័យ និងមិនត្រូវមានបន្ទុកការប្រាក់ចំពោះអ្នកទិញដែលយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់នោះឡើយ។
បន្ថែមពីលើនេះក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។


