រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Reserve បើកទ្វារស្វាគមន៍វិនិយោគិន
រមណីយដ្ឋានធម្មជាតិដ៏ធំជាងគេនៅប្រទេសកម្ពុជាឈ្មោះថា«Song Saa Reserve»គឺបានបើកទ្វារស្វាគមន៍វិនិយោគិនជាផ្លូវការហើយ។
កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Song Saa Collective និង CBRE Cambodia បានរៀបចំសន្និសីទកាសែតនៅឯសណ្ឋាគារ Rosewood Phnom Penh ដើម្បីប្រកាសពីគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិដ៏ធំមួយនៅខេត្តសៀមរាប។
មានទីតាំងជិតប្រាសាទបន្ទាយស្រី គម្រោងអភិវឌ្ឍន៍ដ៏ប្រណីត«Song Saa Reserve»គឺនឹងគ្របដណ្តប់ផ្ទៃដីប្រមាណជាង ១២៥ ហិកតាបូកជាមួយបឹងឈូកបន្ទាយស្រីទំហំប្រមាណជា ៨០ ហិកតាផ្តោតសំខាន់ទៅលើការបង្កើតតំបន់ទេសចរណ៍បែបធម្មជាតិប្រកបដោយនិរន្តរភាព។
ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តំបន់ទេសចរណ៍ថ្មីនេះគឺនឹងមានសណ្ឋាគារ វិឡារស្នាក់នៅ មជ្ឈមណ្ឌលសិក្សារផ្នែកបដិសណ្ឋារកិច្ច សួនផលិតថាមពលដើរដោយព្រះអាទិត្យ ព្រមទាំងការស្ដារនិងអភិរក្ខឡើងវិញព្រៃឈើដ៍កម្រជាច្រើនប្រភេទផងដែរ។
ថ្លែងក្នុងពិធីសន្និសីទកាសែតស្ថាបនិកនិងនាយករមណីយដ្ឋានកោះសង្សារក្នុងខេត្តព្រះសីហនុលោក Rory Hunter បានមានប្រសាសន៍ថា«រមណីយដ្ឋាន Song Saa Reserve គឺជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិធំជាងគេនៅប្រទេសកម្ពុជាដែលនឹងអភិវឌ្ឍឡើងប្រកបដោយសីលធម៌ឬ ‘ethical tourism’»។
ទន្ទឹមនឹងនេះដែរ លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានគូសបញ្ជាក់ថាគម្រោងអភិវឌ្ឍន៍ Song Saa Reserve នេះនឹងក្លាយជាកន្លែងទេសចរណ៍ដ៏ល្អឥតខ្ចោះបន្ថែមមួយទៀតក្នុងប្រទេសកម្ពុជាដែលនឹងទាក់ទាញភ្ញៀវទេសរចណ៍កាន់តែច្រើន។
ឆ្លៀតក្នុងឱកាសនេះដែរ អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានប្រាប់អ្នកសារព័ត៌មានថា តំបន់ទេសចរណ៍ Song Saa Reserve គឺកំពុងបើកទ្វារស្វាគមន៍បណ្តាវិនិយោគិនក្នុងនិងក្រៅស្រុកដែលមានចំណាប់អារម្មណ៍ជួលដីក្នុងតំបន់ខាងលើដើម្បីអភិវឌ្ឍទៅជាសណ្ឋាគារឬកន្លែងបដិសណ្ឋារកិច្ចដទៃទៀតដោយគោរពតាមគោលការ«អភិវឌ្ឍប្រកបដោយនិរន្តរភាព»ក្រោមការគ្រប់គ្រងរបស់ Song Saa Collective។
វិនិយោគិនអាចមានសិទិ្ធជួលដីក្នុងតំបន់នេះរយៈពេលរហូតដល់ទៅ៥០ឆ្នាំក្រោមទម្រង់«ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិឬFreehold Leasing» សម្រាប់ទំហំផ្ទៃដីប្រមាណជា ១២០ ហិកតាបែងចែកជា ១៩ ឡូតិ៍ដែលក្នុងមួយឡូតិ៍ៗមានទំហំចន្លោះពី ៣.១ ទៅ ១៨.៦ ហិកតា។
អ្នកនាង អាន សុធីតា រំពឹងថាក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ ឆ្នាំ ខាងមុខនេះរមណីយដ្ឋាន Song Saa Reserve នឹងលេចចេញជារូបរាងជាមិនខាន។


- Video Advertisement -