រាជរដ្ឋាភិបាល ដោះដូរដីទំហំ ៨០០ហិកតា ក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ជាមួយនឹងវិស័យឯកជន

រដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១.១២២ ហិកតា ស្ថិតក្នុងតំបន់ចំនួនបីផ្សេងគ្នា។​

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ២ ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។

តំបន់ដី ៣០០ហិកតានេះ គឺជាទីតាំងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាល ដោះដូរនឹងដី៤០០ហិកតាស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ដូចជាអគាររដ្ឋបាល អគារស្នាក់នៅ ក្រោលគោ។

ចំណែកដីទំហំ៥០០ហិកតា ជាទីតាំងឧទ្យានសួនសត្វ និងជាមជ្ឈមណ្ឌលសង្គ្រោះសត្វភ្នំតាម៉ៅ ត្រូវបានដោះដូរនឹងដី២កន្លែង ដោយតំបន់ដី១កន្លែង មានទំហំ២៥០ហិកតា ស្ថិតក្នុងស្ថានីយអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយតំបន់ដី១កន្លែងទៀត មានទំហំជាង ៤៧២ហិកតា ស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ចំពោះតំបន់ដី ២៥០ហិកតា ក្នុងខេត្តសៀមរាប នឹងត្រូវប្រើប្រាស់សម្រាប់បង្កើតសួនសត្វ Safari Angkor ចំណែក តំបន់ដីជាង ៤៧២ហិកតា នៅខេត្តមណ្ឌលគិរី នឹងត្រូវទុកសម្រាប់បង្កើតសួនរុក្ខជាតិមណ្ឌលគិរី។

- Video Advertisement -