សៀមរាបដាក់ចេញផែនទីព្រំដីច្បាស់លាស់ ដើម្បីបញ្ឈប់ការទន្រ្ទានដី និងបំផ្លាញព្រៃលិចទឹក
រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ និងប្រកាសឱ្យសាធារណជនជ្រាបនូវព្រំប្រទល់ផែនទីរបស់តំបន់៣ នៅសង្កាត់ចុងឃ្នៀស ទិសដៅដើម្បីទប់ស្កាត់ការរំលោភដីរដ្ឋ និងការកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាប។
ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានចុះទីតាំងផ្ទាល់កាលពីថ្ងៃទី ២៧ ធ្នូ កន្លងទៅ ដើម្បីបានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងអំពីការកំណត់ព្រំប្រទល់ និងបោះបង្គោល។
ឯកឧត្តម បានឱ្យដឹងថា៖ «ព្រៃលិចទឹកមានសារៈសំខាន់ណាស់ដែលជាជម្រកត្រីពង និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ តែព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជនខិលខូច។ ដូច្នេះ យើងត្រូវចាត់វិធានការដោះស្រាយ»។
គួរបញ្ជាក់ថា ការដាក់ចេញផែនទីនេះធ្វើឡើង ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តជាប់បឹងទន្លេសាបទាំងអស់ ឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់។ (អានបន្ថែម)

