ឧកញ៉ាគីម ហ៊ាង ៖ ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ
អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ វិស័យដីឡូតិ៍កម្ពុជា នៅតែអាចដំណើរការទៅមុខបានជាធម្មតា ប៉ុន្តែគាត់បានក្រើនរំលឹកថា ប្រភេទដីឡូតិ៍មួយចំនួន អាចនឹងជាប់គាំង ឬដួលរលំ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ប្រសិនបើគម្រោងដីឡូតិ៍ទាំងនោះមិនធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្ដូររបៀបអភិវឌ្ឍន៍។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ចរន្តទិញលក់ដីឡូតិ៍នៅតែអាចដំណើរការបាន សម្រាប់ប្រជាជនវ័យក្មេង ពិសេសអ្នកដែលមានចំណូលទាប ព្រោះពួកគេមិនមានលទ្ធភាពទិញផ្ទះ ឬដីធំៗនោះទេ ប៉ុន្តែពួកគេអាចសន្សំប្រាក់ជាមួយការវិនិយោគដីឡូតិ៍តូចៗបាន។
យ៉ាងណាក្ដី លោកឧកញ៉ា ក្រើនរំលឹកថា៖ «របៀបនៃការធ្វើគម្រោងដីឡូតិ៍ ត្រូវចេះធ្វើបច្ចុប្បន្នភាព ព្រោះបើធ្វើដូចបច្ចុប្បន្ននេះ តែ២ឆ្នាំទៀត គេនឹងឈប់ទិញដីឡូតិ៍អស់ហើយ ព្រោះដីឡូតិ៍ខ្លះ គាត់ពុះមិនដឹងជាផ្លូវបែរទៅណាទៅណីទេ? អត់មានប្រព័ន្ធលូត្រឹមត្រូវ អត់មានទឹក អត់មានភ្លើង នៅឆ្ងាយពេកវាអត់ដើរទេ»។
«ប៉ុន្តែបើយើងចេះធ្វើបច្ចុប្បន្នភាពដីឡូតិ៍ ដោយធ្វើជាប្លង់ច្បាស់លាស់ មានទំហំធំអាចចាប់ពី ១៥ហិកតា ឡើងទៅ ពុះលក់ក្នុងទំហំធំសមល្មមដែលអាចសង់ផ្ទះបាន មានផ្លូវធំ រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យល្អជាដើម វានឹងដើរ» លោកបានបន្ដ។
ហេតុនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អះអាងថា សម្រាប់ដីឡូតិ៍ក្នុងឆ្នាំ២០២២ អាចមានដង្ហើមរស់ ឬស្លាប់ គឺអាស្រ័យទៅលើម្ចាស់គម្រោង ថាគាត់រៀបចំបានល្អកម្រិតណា ពោលគឺចាំបាច់ត្រូវតែមានផ្លូវធំ និងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាឱ្យរួចស្រេចសម្រាប់អ្នកទិញ ទើបវិស័យដីឡូតិ៍មិនជាប់គាំង៕
ប្រភព៖ ចុចទីនេះ

