កម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ អនុស្សរណៈខាងលើ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើតប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។ គួររម្លឹកដែរថា កន្លងមកក្រៅពីកូរ៉េ ជប៉ុនក៏មានគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ (អានបន្ថែម) ទន្ទឹមនឹងនេះដែរ អង់គ្លេស ក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ខណៈដែលឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យា។ (អានបន្ថែម […]
រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។ គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ […]
គម្រោងស្ដារប្រឡាយរលាំងជ្រៃ និងអាងទឹកតាសាល នៅកំពង់ស្ពឺ សម្រេចបាន ៦០% និង ៩០%
គិតមកដល់ពេលនេះ ការងារស្ដារប្រឡាយមេរលាំងជ្រៃខាងជើង និងការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសា នៅកំពង់ស្ពឺ សម្រេចបាន ៦០ភាគរយ និង៩០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងដោយផ្ទាល់របស់ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាទំនប់អាងទឹកតាសាល មានសារៈសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលទំនប់អាងទឹកមួយនេះ គឺជាទំនប់ការពារ និងគ្រប់គ្រងទឹកជំនន់ ពិសេសបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣.៥១៨ហិកតា។ នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ក្រៅពីការងារជួសជុលអាងទឹកតាសាល ក្រសួងក៏កំពុងជំរុញស្តារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលរួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ១៤.៥០០ម៉ែត្រ,ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង, និងការងារសាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែងទៀត ដែលបច្ចុប្បន្នសម្រេចបាន ៦០ភាគរយ ហើយ។ […]
CDCស្នើចិន វិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីបញ្ចៀសការនាំចូលពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញលើកទឹកចិត្តទៅកាន់គណៈប្រតិភូ និងក្រុមហ៊ុនដែលមកពីខេត្ត Zhejiang របស់ប្រទេសចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើមនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស។ ការជំរុញនេះ ធ្វើឡើងដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជាដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យផ្សេងៗបន្ថែមទៀត ក្រៅពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនធ្លាប់បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំ រួចមក។ ឯកឧត្តម បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជា ពិសេសខេត្ត Zhejiang របស់ចិន ជាមួយកម្ពុជា បានឆ្លុះបញ្ចាំងពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរដ្ឋាភិបាលកម្ពុជា ដែលជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកធ្វើធុរកិច្ចនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។ […]
កម្ពុជា និងGGGI សហការគ្នាប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ ដើម្បីគ្រប់គ្រងមធ្យោបាយធ្វើដំណើរបៃតង និង…
ក្រសួងសាធារណការ និងដឹកជញ្ជូន និងងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute – GGGI) បានចុះអនុស្សរណៈយោគយល់ ដើម្បីសហការគ្នាស្រាវជ្រាវ និងអនុវត្តរួមគ្នាលើការគ្រប់គ្រងសំណល់ ទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាត។ នេះបើយោងតាមពិធីចុះហត្ថលេខារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី Helena McLeod តំណាងអគ្គនាយិការងវិទ្យាស្ថាន GGGI នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ គួររំលឹកឡើងវិញថា អនុស្សរណៈខាងលើត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពដៃគូរវាងភាគីទាំងពីរ សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការលើកកម្ពស់ការគ្រប់គ្រងសំណល់ និងទឹកកខ្វក់ ការដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរបៃតងដោយប្រើបច្ចេកវិទ្យាអាកាសធាតុឆ្លាតវៃ (Climate-smart technology) ក្នុងប្រទេសកម្ពុជា។ ក្រៅពីចុះអនុស្សរណៈនេះ ក៏មានពិធីប្រគល់-ទទួល ”ឯកសារបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់” សរុបចំនួន ៨០០ក្បាល (ភាសាខ្មែរ ៤០០ក្បាល និងភាសាអង់គ្លេស ៤០០ក្បាល) ផងដែរ។ កន្លងមកអំពីការងារគ្រប់គ្រងទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានសហការជាមួយ […]
អូស្រ្តាលីត្រៀមថវិកាជាង ៦,៦លានដុល្លារ ជួយកម្ពុជាបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក
អូស្រ្តាលី បានត្រៀមថវិការចំនួន ១០លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦,៦លានដុល្លារអាមេរិក ជួយដល់កម្ពុជាក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក និងកែលម្អការអនុវត្តការគ្រប់គ្រងប្រភពទឹក ពិសេសការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ នេះបើតាមជំនួបរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ លោកPablo Kang ក៏បានបញ្ជាក់ថា អូស្ត្រាលីបានប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និងគុណភាពចំណីអាហារ។ លោកបានបន្ថែមថា អូស្ត្រាលី នឹងប្រើប្រាស់ថវិកាប្រមាណ ១,៨លានដុល្លារអូស្ត្រាលី រួមចំណែកដល់ការបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា។ ក្នុងជំនួបនេះដែរ លោក ហែម វណ្ណឌី បានលើកឡើងនូវទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុងចំណោមប្រតិបត្តិករទឹកស្អាតឯកជនតូចៗ ក្នុងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត។ ដោយឡែក ចំពោះកំណែទម្រង់មន្ទីរពិសោធន៍ជាតិ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួងដើម្បីពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស ខណៈដែលអូស្ត្រាលី ជាដៃគូអន្តរជាតិសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ […]