ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសកម្ពុជាបានកើនឡើង ៧២% ពោលគឺកើនប្រមាណ ៥៣០លានម៉ែត្រគូប បើគិតត្រឹម​​ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានឱ្យដឹងថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសកម្ពុជាបានកើនឡើង ៧២% ពីប្រមាណ ៣០៩លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០លានម៉ែត្រគូបក្នុងឆ្នាំ២០២៤។

ក្នុងនោះឯកឧត្តមថា  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពី ៧៨១.៩០៨គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ២.៩៨២.៨៣១គ្រួសារ ក្នុងឆ្នាំ២០២៤។

បើតាមក្រសួងឧស្សាហកម្ម បានបញ្ជាក់ដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានបន្តពង្រឹងសមត្ថភាពផលិតលើសពី ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ មក និងបានពង្រីកបណ្តាញចែកចាយទឹកស្អាតរបស់ខ្លួនដល់ជាង ៥ពាន់គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅដែលបានសម្ពោធនាពេលនេះ នឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ប្រមាណ ២៣.០០០ម៉ែត្រគូប​ សម្រាប់ទាំងគ្រួសារ អាជីវកម្ម និងតំបន់ឧស្សាហកម្ម។

នៅពេលដែលប្រទេសកម្ពុជាបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹករបស់ខ្លួន រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនប្តេជ្ញាគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា

គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បានប្តេជ្ញាបន្តគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា ព្រមទាំងរួមចំណែកកសាងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅឱ្យកាន់តែប្រសើរឡើង។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានសរសើររដ្ឋបាលក្រុង Kitakyushu និងសមាគមអាជីវកម្មទឹកស្អាតជប៉ុន ចំពោះភាពជាដៃគូរយៈពេលវែង ហើយបានស្នើឱ្យភាគីជប៉ុនបន្តកិច្ចសហការដើម្បីបង្កើតនវានុវត្តន៍ កសាងជំនាញ និងជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ ឯកឧត្តមបន្តថា៖ “គំរូក្រុមហ៊ុនមានកម្មវត្ថុពិសេសនេះផ្តល់ជាមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងសមភាគីជប៉ុន។” ឯកឧត្តម ក៏ស្នើឱ្យក្រុមហ៊ុននៃក្រុង Kitakyushu បន្តវិនិយោគ រួមចំណែកអភិវឌ្ឍប្រព័ន្ធឌីជីថលជាតិសម្រាប់គ្រប់គ្រងវិស័យទឹកស្អាត ព្រមទាំងគាំទ្រដល់នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យនេះ។ លោក Sato Yuya តំណាងគណៈប្រតិភូជប៉ុន លើកឡើងថា ការប្តេជ្ញាចិត្តរបស់សមាគម និងក្រុង Kitakyushu ក្នុងការគាំទ្រគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការបន្តបណ្តុះបណ្តាល ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតផ្សេងទៀត។ លោកបានលើកឡើងពីគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ […]

ជប៉ុនប្រកាសពង្រីកអាជីវកម្មផ្គត់ផ្គង់ទឹកនៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងប្រតិបត្តិការក្នុងខេត្តចំនួន៤

ក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. មានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤  រួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមបានជម្រាបជូនក្រុមហ៊ុនពីបរិយាកាសវិនិយោគនៅកម្ពុជាដែលពោរពេញដោយភា​ព​អំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាលដែលបន្តដាក់ចេញសំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែល្អប្រសើរទ្បើង។ នាឱកាសនោះ លោក IKEYA Yusuke បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយផ្តោតជាពិសេសលើក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរបស់លោក (Khmer Water Supply Holdings-KWSH) ដែលបាននិងកំពុងមានប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត និងទឹកបរិសុទ្ធសម្រាប់ពិសានៅក្នុងខេត្តចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដោយរួមមានខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួយក្រសួងធនធានទឹក ដើម្បីស្វែងយល់ពីវិស័យធនធានទឹក ខណៈស្ថាប័ននេះ ក៏បានបង្ហាញពីបំណងចង់ជួយអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ជាមួយលោក គីម ជុង គ្យុង តំណាងប្រតិភូ KRC នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ នាឱកាសនោះ លោក គីម ជុង គ្យុង បានឱ្យដឹងថា KRC មានបទពិសាធន៍ធ្វើការគ្រប់គ្រងបែងចែកទឹកក្នុងប្រពន្ធ័ធារាសាស្ត្រ និងអភិវឌ្ឍលើវិស័យធនធានទឹកនៅក្នុងប្រទេសកូរ៉េប្រមាណជាង ១០០ឆ្នាំមកហើយ ក៏ដូចជានៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកបន្តថា ផ្អែកលើភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សាជីវកម្មសហគមន៍ជនបទកូរ៉េ មានបំណងចង់ជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដែលពាក់ព័ន្ធនឹងជំនួយអភិវឌ្ឍន៍ផ្លូវការពីរដ្ឋាភិបាលកូរ៉េ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ស្ថាប័នសាជីវកម្មសហគមន៍ជនបទកូរ៉េ(KRC)។ ឯកឧត្តម ក៏បានជម្រាបពីបេសកកម្មការងាររបស់ក្រសួង ដែលបច្ចុប្បន្នកំពុងអនុវត្តលើវិស័យធនធានទឹក និងឧតុនិយម ដោយបានសង្ខេបប្រាប់អំពីបែបបទការងារសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ពិសេសជាមួយប្រទេសកូរ៉េ និងផែនការអភិវឌ្ឍន៍បន្តនាពេលខាងមុខផងដែរ។ គួររម្លឹកថា ក្នុងរយៈពេលជិត ២០ឆ្នាំ មកនេះ​ រដ្ឋាភិបាលកូរ៉េ បានផ្តល់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា ក្នុងទំហំថវិកាប្រមាណ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់កូរ៉េ មកចែករំលែកបទពិសោធន៍គ្រប់គ្រងធនធានទឹកដល់កម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េ HSCMT CO., LTD បានមកជួបពិភាក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃវាស់ស្ទង់ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជាមួយលោក BYOUNG HOON KIM នាយកប្រតិបត្តិក្រុមហ៊ុន HSCMT CO., LTD នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចជំនួបនេះ មានគោលបំណង ដើម្បីពិភាក្សា និងស្វែងយល់ពីបច្ចេកវិទ្យាឆ្លាតវៃក្នុងការវាស់ស្ទង់ និងគ្រប់គ្រងធនធានទឹក ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនកូរ៉េ ដើម្បីគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាល និងចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន HSCMT Co., Ltd ជាក្រុមហ៊ុនឈានមុខមួយនៅប្រទេសកូរ៉េលើបច្ចេកវិទ្យាវាស់ស្ទង់ឆ្លាតវៃ និងមានបទពិសោធន៍អភិវឌ្ឍ និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាឧបករណ៍ចាប់រលកសញ្ញាអ៊ុលត្រាសូនិក(ultrasonic) ដំបូងក្នុងប្រទេសកូរ៉េនាទសវត្សរ៍ឆ្នាំ១៩៩០ ហើយជាបន្តបន្ទាប់បានប្រមូលផ្តុំសមត្ថភាពលើការអភិវឌ្ឍ ការផលិត និងការចែកចាយឧបករណ៍វាស់ស្ទង់ឆ្លាតវៃ អស់រយៈពេលជាង ៣០ឆ្នាំ។ ក្រុមហ៊ុនមានការិយាល័យ និងដៃគូជាច្រើននៅក្រៅប្រទេសដូចជា ប្រទេសអ៊ូសបេគីស្ថាន រុស្ស៊ី ឥណ្ឌា ចិន កាហ្សាក់ស្ថាន ហ្វីលីពីន និងសិង្ហបុរីជាដើម។ ដោយឡែក នៅកម្ពុជា […]

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកិច្ចពិភាក្សានោះ លោកស្រី Boucher បានគូសបញ្ជាក់ថា ថវិកាប្រមាណ ៧០% សម្រាប់ការអភិវឌ្ឍក្នុងវិស័យទឹកស្អាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់អំណាចដល់វិស័យឯកជន AFD កំពុងសហការជាមួយធនាគារពាណិជ្ជដើម្បីបង្កើតកញ្ចប់ឥណទានថ្មីតាមរយៈ PROPARCO ក្នុងគោលបំណងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រតិបត្តិករទឹកឯកជន។ គំនិតផ្តួចផ្តើមនេះមានសារៈសំខាន់ណាស់ ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍ជនបទ។ ក្នុងនោះដែរ ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។ លើសពីនេះ តំណាងមកពីសហភាពអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេចំពោះកំណែទម្រង់ចាំបាច់នៅក្នុងវិស័យទឹករបស់កម្ពុជាផងដែរ។ លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានរំលឹកឡើងវិញថា ទឹក ថាមពល […]

ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកវិស្វកម្មមកពីជប៉ុន បង្ហាញចេតនាចង់វិនិយោគលើវិស័យប្រព្រឹត្តិកម្មទឹកកខ្វក់ នៅព្រះសីហនុ

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលមានជំនាញប្រឹក្សាផ្នែកវិស្វកម្មដ៏ធំមួយនៅប្រទេសជប៉ុន បានបង្ហាញពីបំណងចង់ពង្រីកប្រតិបិត្តការរបស់ខ្លួនក្នុងគម្រោងអភិវឌ្ឍប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជាពាក់ព័ន្ធនឹងការកែច្នៃសំណល់។ ទន្ទឹមនឹងនេះ លោកក៏បានបើកបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់ពង្រីកការវិនិយោគអភិវឌ្ឍគម្រោង ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ការវិនិយោគនេះ នឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ លោកប្រធានបានបន្ថែមថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាតវៃផងដែរ។ ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ លើសពីនេះ សម្តេចក៏គូសបានបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាថា វាក៏មិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ដែលការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា ACHIYO Engineering Co., […]