អាមេរិកនឹងបង្កើតផ្លូវហាយវេដែលអាចសាកភ្លើងរថយន្តអគ្គិសនីដោយស្វ័យប្រវត្តិ
នាយកដ្ឋានដឹកជញ្ជូននៃរដ្ឋ Indiana សាកលវិទ្យាល័យ Purdue និងក្រុមហ៊ុន Magment កំពុងធ្វើការរួមគ្នាដើម្បីបង្កើតផ្លូវហាយវេ (Highway) បេតុងដំបូងគេនៅលើពិភពលោក ដែលអាចសាកថាមពលឱ្យរថយន្តអគ្គសនី បានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ ខណៈពេលកំពុងបើកបរ។ ផ្លូវបេតុងនេះនឹងត្រូវបង្កប់ដោយប្រព័ន្ធម៉ាញេទិកដើម្បីបង្កើតជាថាមពល ដោយផ្លូវខ្សែដំបូង នឹងត្រូវធ្វើតេស្ត និងវិភាគ នៅបរិវេណសាកលវិទ្យាល័យ Purdue សិន។ បើតាមវិស្វករ ផ្លូវនេះនឹងមានសមត្ថភាពទ្ររថយន្តធុនធ្ងន់បាន ជាមួយនឹងកម្លាំងថាមពលដល់ទៅ ២០០KW។ ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ក្រុមការងារនឹងបន្តអនុវត្តដំណាក់កាលទី ៣ ដោយបង្កប់ចរន្តអគ្គិសនីនៃផ្នែកមួយនៃផ្លូវហាយវេនៅរដ្ឋ Indiana ។ លោក Joe McGuinness ប្រធាននាយកដ្ឋានដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវនេះនឹងក្លាយជារបកគំហើញថ្មីសម្រាប់ផ្លូវហាយវេ ខណៈនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីកំពុងកើនឡើង។ គួរបញ្ជាក់ថា នេះមិនមែនជាផ្លូវដែលអាចសាកថាមពលដំបូងគេលើលោកទេ តែជាហាយវេដំបូងដែលអាចសាកថាមពលបានដោយស្វ័យប្រវត្តិ និងមិនចាំបាច់ដោតខ្សែ។ ព្រោះបើនិយាយពីផ្លូវធម្មតា ប្រទេសស៊ុយអែត និងអ៊ីតាលី បានសាកល្បងរួចហើយ។
អានបន្ថែមអាកាសចរណ៍ស៊ីវិលប្រគល់សិទ្ធិឱ្យរដ្ឋបាលខេត្តបាត់ដំបងសម្រេចនិងជំរុញគម្រោងសង់ព្រលានថ្មី
រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល កាលពីថ្មីៗនេះ បានប្រគល់សិទ្ធិឱ្យទៅរដ្ឋបាលខេត្តបាត់ដំបងក្នុងការសម្រេចលើគម្រោងស្ដារព្រលានថ្មីនៅដីចាស់ ដោយបានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។ លោកបន្តថ្លែងថា៖ «ខាងខេត្ត គេមានគណៈកម្មការរបស់គេ ហើយអាកាសចរណ៍ស៊ីវិលគ្រាន់តែ ជាសមាជិកមួយ ដូច្នេះការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រទេ»។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំមកនេះ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះហើយ។ (អានបន្ថែម) យោងតាមអភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីពេលថ្មីនេះ បានបញ្ជាក់ថា ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយអ្នកដំណើរ។
អានបន្ថែមកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ធ្វើដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?
ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនឯកជនខ្លះទទួលបានការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋរហូត ឯខ្លះទៀតមិនទទួលបានសោះ។ ហើយឆ្ងល់ទេ ថាក្រុមហ៊ុនទាំងនោះត្រូវធ្វើដូចម្ដេចខ្លះទើបអាចទទួលការងារពីរដ្ឋបាន។ ការងារទាំងនេះហៅថា លទ្ធកម្មសាធារណៈ។ តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ហើយដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន? ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ (ឬឯកជន) ស្វែងរកអ្នកមកធ្វើការងារណាមួយឱ្យ។ ការងារនោះអាចជា ការទិញ ឬជួលផលិតផល និងការផ្ដល់សេវាកម្មជាដើម។ ឧទាហរណ៍ រដ្ឋចង់រកក្រុមហ៊ុនមកសាងសង់ផ្លូវជាតិ វិធីដែលរដ្ឋស្វែងរកក្រុមហ៊ុនហៅថា រដ្ឋធ្វើលទ្ធកម្ម។ ដូច្នេះ សរុបពាក្យថា កិច្ចសន្យាលទ្ធកម្មសាធារណៈ គឺជាកិច្ចព្រមព្រៀងមួយធ្វើឡើងដែលមានដៃគូម្ខាងជារដ្ឋ និងម្ខាងទៀតជារដ្ឋ ឬឯកជន ក្នុងធ្វើការងារណាមួយ ដែលអាចជាការទិញទំនិញ ឬផ្ដល់សេវាកម្ម។ កិច្ចសន្យាលទ្ធកម្មសាធារណៈ អាចធ្វើបានតាមច្រើនវិធី តែភាគច្រើនគឺធ្វើតាមរយៈការដេញថ្លៃ ដោយរដ្ឋអាចបើកដេញថ្លៃជាសាធារណៈ ឬដេញថ្លៃមិនមែនជាសាធារណៈ។ ប៉ុន្តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ភាគច្រើនគឺបើកឱ្យដេញថ្លៃប្រកួតប្រជែងជាសាធារណៈ ព្រោះមានតម្លាភាពខ្ពស់។ ដូច្នេះ សម្រាប់ក្រុមហ៊ុនសាងសង់ទាំងអស់ដែលចាប់អារម្មណ៍ចង់ដេញថ្លៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ក្រុមហ៊ុននោះត្រូវទៅសុំចុះបញ្ជីបញ្ជាក់អ្នកទទួលការសាងសង់ នៅអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមុនសិន។ ទាក់ទិននឹងការចុះបញ្ជីនេះទៀតសោត ក្រុមហ៊ុនអាចចុះបញ្ជីបាន ៣ប្រភេទ អាស្រ័យលើលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនផ្ទាល់។ […]
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញបច្ចេកវិទ្យាសំណង់វៃឆ្លាត ២ ប្រភេទ ដែលប្រើក្នុងការដ្ឋានផ្លូវល្បឿនលឿន
ក្រុមហ៊ុនចិន បានឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បាននិងកំពុងប្រើបច្ចេកវិទ្យាសំណង់វៃឆ្លាតចំនួនពីរប្រភេទ រួមមាន ម៉ាស៊ីនឈូសផ្ទៃថ្នល់ដោយប្រព័ន្ធ GCS និងម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់ 3D ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន លក្ខណៈពិសេសនៃម៉ាស៊ីនឈូសផ្ទៃថ្នល់ GCS (ឬ Impressive Motor Grader GCS System) អាចធ្វើការជំនួសមនុស្សដល់ទៅ ៣នាក់ គឺអ្នកវាស់ស្ទង់១នាក់ អ្នកកត់ត្រា១នាក់ និងអ្នកដាំបង្គោលទាញខ្សែ ១នាក់។ លើសពីនេះ ម៉ាស៊ីននេះអាចឈូសផ្ទៃ និងក្រាលតួថ្នល់បានត្រឹមត្រូវ និងស្តង់ដារខ្ពស់ជាងធ្វើដោយដៃ។ ដោយឡែក ម៉ាស៊ីនស្វ័យប្រវត្តិក្រាលផ្លូវផ្នល់3D (ឬ Automatic & Precise 3D Paving) វិញ គឺត្រូវបានប្រើសម្រាប់រក្សាស្ថិរភាពស្រទាប់ស៊ីម៉ង់ក្រោមគ្រឹះតួថ្នល់ (cement stabilized sub-base) និងស្រទាប់កៅស៊ូអាស្វាល់ (asphalt pavement)។ ម៉ាស៊ីននេះធ្វើការដោយស្វ័យប្រវត្តិ ដែលអាចជួយសន្សំកម្លាំង និងពេលវេលា។ គួររម្លឹកថា ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបាន ៥៥% […]
អានបន្ថែមរៀតណាមគ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ តាមបណ្ដាយព្រំដែនជាប់ខេត្តរតនគិរី
រដ្ឋាភិបាលវៀតណាម គ្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅតាមបណ្តោយព្រំដែនខេត្ត Gia Lai របស់ខ្លួន និងខេត្តរតនគីរីនៃប្រទេសកម្ពុជា ទិសដៅដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ចុះផ្សាយកាលពីថ្ងៃទី៩ ខែសីហា។ ផែនការនេះស្ថិតនៅក្រោមកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនរបស់វៀតណាមដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ ប្រភពដដែលបានបញ្ជាក់ថា គណៈកម្មការប្រជាជននៃខេត្តខ្ពង់រាបភាគកណ្តាល Gia Lai ទើបតែដាក់ចេញនូវផែនការនេះ ក្រោយត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តី។ តាមផែនការ រដ្ឋបាលខេត្ត Gia Lai នឹងត្រូវសហការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនទាំងនេះ។ រដ្ឋបាលខេត្តក៏នឹងសើរើ កែសម្រួលឡើងវិញ ដើម្បីចេញផែនការលើកកម្ពស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ផងដែរ។ ទន្ទឹមនឹងនេះ គម្រោងក៏រួមបញ្ចូលការលើកកម្ពស់ផ្សារព្រំដែន ដើម្បីសម្រួលការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh ។ រូបភាពដោយ៖ vietnamplus
អានបន្ថែមក្រសួងនឹងចុះធ្វើតេស្តសេវាទូរសព្ទតាមបុរី បើសេវាមិនល្អទេ ក្រុមហ៊ុនត្រូវដោះស្រាយបន្ទាន់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញានឹងដោះស្រាយបញ្ហាគ្មានសេវាទូរស័ព្ទក្នុងបុរីនានាឱ្យបានឆាប់ៗនេះ ដោយនឹងចាប់ផ្ដើមចុះដាក់ឧបករណ៍ធ្វើតេស្តចាប់សេវា ហើយក្នុងករណីកន្លែងណាគ្មានសេវា នឹងបញ្ជាក្រុមហ៊ុនទូរស័ព្ទកែលម្អ និងដោះស្រាយជាបន្ទាន់។ នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគឺគ្មានសេវា ហើយក្រុមហ៊ុនតែងតែឆ្លើយដោះសារមិនព្រមដោះស្រាយបញ្ហា។ ដូច្នេះ ក្រសួងនឹងមានវិធានការណ៍ថ្មី ចុះដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ដើម្បីឱ្យក្រុមហ៊ុនឃើញជាក់ស្ដែងថា គ្មានសេវាពិតមែន ហើយត្រូវតែកែលម្អ និងដោះស្រាយ។ ក្រៅពីដោះស្រាយបញ្ហាគ្មានសេវាក្នុងបុរី ក្រសួងក៏បានបង្ហាញផែនការចង់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក ទាំងអស់ទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧ នេះផង។ ការពង្រីកអង់តែន នឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវាសម្រាប់ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕
អានបន្ថែមចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ
ក្រុមហ៊ុនថាមពលនុយក្លេអ៊ែជាតិចិន (China National Nuclear Power) កាលពីថ្មីៗនេះ បានបើកការដ្ឋានដំឡើងរ៉េអាក់ទ័រចំនួន ២គ្រឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរខ្នាតយក្សរបស់ខ្លួន នៅខេត្ត Liaoning ភាគឥសាននៃប្រទេស។ នេះយោងតាមគេហទំព័រ Global Construction Review ចុះផ្សាយកាលពីថ្ងៃទី ៦ ខែសីហា។ មានឈ្មោះថា Xudabao 3 គម្រោងនេះមានតម្លៃ ១៧ពាន់លានដុល្លារ ដែលត្រូវអភិវឌ្ឍក្រោមកិច្ចសហការរវាងចិន និងរុស្ស៊ី ខណៈភាគីទាំង ២ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៨ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Atomstroyexport នៃក្រុមហ៊ុនមេ Rosatom ប្រទេសរុស្ស៊ី នឹងផ្តល់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ២គ្រឿង ទៅស្ថានីយថាមពល Xudabao នេះ។ ក្រៅពីនេះ Rosatom ក៏នឹងជាអ្នកចេញប្លង់ និងផ្គត់ផ្គង់ម៉ាស៊ីនបង្កើតថាមពលចំហាយ ប្រព័ន្ធទឹកបញ្ចុះកម្តៅ និងប្រព័ន្ធសម្ពាធ។ ក្រុមហ៊ុនរុស្សីមួយនេះ ក៏ត្រួតពិនិត្យការសាងសង់ និងប្រើប្រាសរ៉េអាក់ទ័រទាំងពីរផងដែរ ខណៈការងារផ្សេងៗទៀតនឹងគ្រប់គ្រងដោយចិន។ តាមផែនការ គម្រោងនេះ នឹងប្រើពេលសាងសង់រយៈពេល […]
អានបន្ថែមកម្ពុជានាំចូលដែកពីវៀតណាមជិត ៦០០ តោន អំឡុង ៥ ខែដំបូងនៃឆ្នាំ ២០២១
ត្រឹម ៥ ខែដំបូង នៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។ ដោយឡែក តម្លៃនៃការនាំចេញដែក ៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម ៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩។ (អានបន្ថែម)
អានបន្ថែមខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី ១២ សីហា
រដ្ឋបាលខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាភិបាលនៃក្រុងថ្មីនេះ បានបញ្ចប់កាលពីចុងខែកក្កដា។ ក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតកាលពីថ្មីៗនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងក៏បានធ្វើឡើងជាស្ថាពរកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែសីហា រដ្ឋបាលក្រុងបូកគោ នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្រាប់ការបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលបានកាត់ឃុំ ៣ ពីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីធ្វើជាសង្កាត់នៃក្រុងបូកគោ។ ជាក់ស្ដែង រដ្ឋាភិបាលធ្លាប់បានបង្ហើបពីផែនការក្រុងបូកគោនេះ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម)
អានបន្ថែមកូរ៉េខាងត្បូង ផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មី ដល់កម្ពុជា
កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA សម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សជំនាន់ក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។ កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តក្រោយពេលចុះហត្ថលេខាតទៅ។ លោក Rho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។ លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF ក៏ប្តេជ្ញាចិត្តថានឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយសម្រាប់សិស្សនិស្សិត។
អានបន្ថែមជប៉ុនសន្យាបន្ដលើកកម្ពស់ស្ដង់ដាប្រព័ន្ធទឹកស្អាតនៅខេត្តក្រុងទិសដៅចំនួន ៥ នៅចុងឆ្នាំនេះ
រដ្ឋាភិបាលជប៉ុន នឹងបន្តជួយអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត ពិសេសសម្រាប់ខេត្តគោលដៅ ៥ រួមមាន ពោធិ៍សាត់ សៀមរាប ស្វាយរៀង កណ្តាល និងភ្នំពេញ ដោយសន្យាថានឹងអនុម័តថវិកាជំនួយឱ្យបាននៅចុងឆ្នាំនេះ ឬពាក់កណ្ដាលឆ្នាំក្រោយ។ ការសន្យានេះ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ឯកឧត្តម ចម ប្រសិទ្ធ ក្នុងជំនួបជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ០៦ ខែសីហា កន្លងទៅ។ ឯកឧត្តមបានឱ្យដឹងថា ជប៉ុនកន្លងមកបានជួយកម្ពុជាជាច្រើនលើវិស័យទឹកស្អាត ប៉ុន្តែកម្ពុជានៅតែត្រូវការជំនួយបន្ថែមទៀតលើគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ដែលកំពុងរីកធំធាត់។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរដ្ឋទូតជប៉ុន Mikami Masahiro សន្យាថានឹងអនុម័តគម្រោងសំណើនេះឱ្យបាននាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនតែងតែជួយកម្ពុជាទាក់ទិននឹងវិស័យទឹកស្អាតជាច្រើន។ ជាក់ស្ដែង កាលពីចុងឆ្នាំ ២០១៩ ជប៉ុនបានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ (អានបន្ថែម)
អានបន្ថែមរដ្ឋបាលខេត្តអនុម័តគម្រោងសាងសង់ផ្សារខ្នាតធំ ក្នុងតំបន់ពាណិជ្ចកម្មខេត្តត្បូងឃ្មុំ
រដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកជនសាងសង់ផ្សារខ្នាតធំមួយ នៅចំកណ្ដាលទីរួមខេត្ត ដែលគម្រោងនេះជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មខ្នាតយក្ស និងប្លង់មេអភិវឌ្ឍន៍ខេត្តជារួម។ ផ្សារធំខេត្តត្បូងឃ្មុំ ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ជកម្មខេត្ត ឬនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី៦ ខែកក្កដា។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជឿជាក់ថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចំរុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បញ្ជាក់ទៀតថា ផ្សារធំជាងគេបង្អស់នៅក្នុងខេត្តត្បូងឃ្មុំនេះ នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែសីហានេះហើយ។
អានបន្ថែម