ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ-សហគ្រាសនៅកម្ពុជាកំពុងបន្តកើនឡើងជាលំដាប់!

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៥ នៃការចុះបញ្ជីរោងចក្រសហគ្រាស និងគ្រឹះស្ថាន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នោះគឺកើនឡើងពីចំនួន ៤៤.៧៩៨ នៅឆ្នាំ២០២៤ ដល់ចំនួន ៤៥.៦៥៦ រោងចក្រសហគ្រាស កើនឡើងបាន ៨៥៨សហគ្រាស។

បើតាមរបាយការណ៍ដដែល រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ កើនពី ១.៥៦៦ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ១.៦៨២សហគ្រាស គិតត្រឹមដំណាច់ខែមិថុនា កើនឡើង ១១៦សហគ្រាស។​

ចំណែក រោងចក្រសហគ្រាស ក្នុងវិស័យមិនមែនាកាត់ដេរ កើនឡើងពី ៤៣.២៣២ នៅដំណាច់ឆ្នាំ២០២៤ ដល់ចំនួន ៤៣.៩៧៤ រោងចក្រសហគ្រាស គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ ពោលគឺកើនឡើងចំនួន ៧៤២ រោងចក្រសហគ្រាស។

រីឯឧស្សាហកម្មកាត់ដេរស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាប្រភពផលិតកម្មដ៏ធំបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ខណៈវិស័យនេះបានបង្កើតការងារជូនដល់កម្មករជិត ១លាននាក់ ដែលភាគច្រើនជាស្ត្រី។

ទន្ទឹមនេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបង្ហាញដែរថា កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជា ៧,៣៨ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៥ កើនឡើង ២២ភាគរយ កើនពីចំនួន ៦,០២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាក៏ដោយ ចំពោះការនាំចូលវិញ កម្ពុជាបាននាំចូលវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងវិស័យកាត់ដេរប្រមាណជា ៣,៤៨ពាន់លានដុល្លារ កើនឡើង ២១,៤៣ភាគរយ ធៀបនឹង ៣,១៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើនជាបន្តបន្ទាប់ទាំងផលិតកម្ម និងការនាំចេញឆ្លុះបញ្ចាំងពីជំហរពង្រឹងរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក ដោយសន្យាថានឹងមានទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥ ៖ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកម្ពុជា មានជាង ២៥ប៊ីលានដុល្លារអាម៉េរិក

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា មានសរុបរហូតជាង ២៥ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។ នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែង គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣.០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម សរុបមានចំនួន ២៥,១៦៨ លានដុល្លារ កើនឡើង ៤,៧១១ លានដុល្លារ ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារ ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។ ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ជារួម ដើម្បីជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរីកចំរើន […]

ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ចំពោះទុនវិនិយោគសរុប ៤,២ពាន់លានដុល្លារនេះវិញ មានការកើនឡើងរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ក្នុងលំហូរទុនសរុបប្រមាណ ៤,២ពាន់លានដុល្លារ នេះ បានហៀរចូលក្នុងវិស័យសំខាន់ៗបីនៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្មទទួលបាន ៣,៦លានដុល្លារ, វិស័យហេដ្ឋរចនាសម្ព័ន្ធទទួលបាន ៥៥៨លានដុល្លារ, និង វិស័យទេសចរណ៍ទទួលបាន ២០លានដុល្លារ។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)។ ទាក់ទងនឹងទីតាំងសំខាន់ៗដែលទទួលបានការវិនិយោគទាំងនេះត្រូវបាននាំមុខដោយខេត្តកំពង់ស្ពឺ (៧២គម្រោង), ខេត្តស្វាយរៀង(៦៨គម្រោង), ភ្នំពេញ (៣៤គម្រោង), […]

អាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា

អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ នាឱកាសនោះ លោកអភិបាលរងខេត្តហឺណាន បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងនេះ ដោយបានអនុញ្ញាតឱ្យមន្ទីពាណិជ្ជកម្មខេត្តហឺណានដឹកនាំប្រតិភូទៅស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពង្រីកទំហំនាំចូលផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា៖ ស្វាយចន្ទី ដំណាប់ស្វាយ និងចេក ព្រមទាំងពិចារណាក្នុងការវិនិយោគដោយផ្ទាល់លើវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បីគាំទ្រផលិតកម្មដែលមានតម្លៃបន្ថែម។ បន្ទាប់ពីជំនួបពិភាក្សានេះរួច ប្រតិភូក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាជាមួយនឹង លោកស្រី CHEN Xuemei ប្រធានក្រុមហ៊ុន Chen Sun Fruits and Vegetable Trading Co., Ltd. ដែលជាក្រុមហ៊ុនបោះដុំផ្លែឈើ និងទំនិញកសិផលដ៏ធំនៃខេត្តហឺណាន ខណៈកន្លងមកក្រុមហ៊ុននេះក៏បាននាំចូលផ្លែឈើ និងផលិតផលកសិផលពីកម្ពុជាជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារនៃខេត្តហឺណានផងដែរ។ គួររម្លឹកថា […]

អាជ្ញាធរខេត្តតាកែវ ប្តេជ្ញាទាក់ទាញវិនិយោគឱ្យបានច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នមានជិត ៨០០រោងចក្រ បង្កើតការងារបានជាង១១ម៉ឺននាក់

រដ្ឋបាលខេត្តតាកែវ បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត៨០០រោងចក្រ និងសហគ្រាស។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុងឱកាស ជួបជាមួយកម្មករនិយោជិតជាង ៥០០នាក់ នៅឃុំពរពេល ស្រុកត្រាំកក់ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានលើកឡើងថា ខេត្តតាកែវកំពុងបោះជំហានទៅមុខ ក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស បើកកាន់តែកៀកលំនៅដ្ឋានរបស់ពួកគាត់។ ឯកឧត្ដមថា ស្ថិរភាព និងសន្តិសុខជាតិបានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការបណ្តាក់ទុនបង្កើតរោងចក្រនៅខេត្តតាកែវ កាន់តែច្រើនឡើងថែមទៀត។ ទន្ទឹមគ្នានេះ ឯកឧត្ដម ក៏បានប្តេជ្ញាចិត្តក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបោះទីតាំងរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវឱ្យកាន់តែច្រើន ជាពិសេសនៅក្បែរលំនៅដ្ឋានរបស់ពលរដ្ឋ ដើម្បីបង្កើតឱកាសការងារនៅជិតផ្ទះ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋឱ្យកាន់តែប្រសើរ។ បើតាមរបាយការណ៍ពីមន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ខេត្តតាកែវ នាពេលបច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាស សរុបចំនួន ៧៦៩រោងចក្រ-សហគ្រាស កម្មករនិយោជិតសរុបចំនួន ១១១.៩៦៨នាក់ ស្រី៧៩.៦១០នាក់។ ក្នុងនោះដែរ […]