ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%

គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ​ ឆ្នាំ២០២៦។ ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម) ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕

អាន​បន្ថែម

វឌ្ឍនភាពថ្មីនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងតាខ្មៅឱ្យកាន់តែមានភាពរីកចម្រើន ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងតាខ្មៅដោយផ្ទាល់។ គម្រោងដ៏មានសារៈសំខាន់នេះទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទានពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកមួយនៃការឆ្លើយតបទៅនឹងតម្រូវការគ្រប់គ្រងទឹកកខ្វក់ក្នុងទីប្រជុំជនដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ យោងតាមការចុះត្រួតពិនិត្យនេះមានគោលបំណងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាននៅចុងឆ្នាំ២០២៥ និងពិនិត្យលើបញ្ហាប្រឈមនានាដែលកើតមានក្នុងដំណាក់កាលសាងសង់ ដើម្បីធានាឱ្យបាននូវការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់ទុក។ ប្រតិភូអមដំណើរក្នុងឱកាសនោះរួមមាន អនុរដ្ឋលេខាធិការ អ្នកគ្រប់គ្រងគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ព្រមទាំងតំណាងមកពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។ ក្រៅពីនេះ ក៏មានការចូលរួមពីក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោង Consultant Dohwa-Seoyoung Joint Venture និងក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS ដើម្បីធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់លើការងារបច្ចេកទេស និងគុណភាពសំណង់ដែលកំពុងអនុវត្តដោយក្រុមហ៊ុនទទួលម៉ៅការសាងសង់។ ជាមួយនឹងសន្ទុះនៃកំណើននគរូបនីយកម្មយ៉ាងខ្លាំងនៅក្នុងក្រុងតាខ្មៅ តម្រូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ដែលមានប្រសិទ្ធភាពបានក្លាយជាបញ្ហាចាំបាច់បំផុត ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអនុវត្តស្របតាមស្ដង់ដារអន្តរជាតិសម្រាប់ការរៀបចំផែនការទីក្រុង គម្រោងនេះត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ តាមរយៈការផ្ដល់នូវដំណោះស្រាយគ្រប់គ្រងទឹកកខ្វក់របស់ទីក្រុងយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តម រស់ វណ្ណា បានសង្កត់ធ្ងន់ថា គម្រោងនេះមិនត្រឹមតែជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិស្ថានក្នុងសហគមន៍ និងសម្រាប់មនុស្សជំនាន់ក្រោយ ហើយឯកឧត្តមបានទទូចឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់លើសុវត្ថិភាព និងគុណភាពការងារ ព្រមទាំងជំរុញល្បឿនការងារដើម្បីគម្រោងបញ្ចប់ទៅតាមផែនការ។ ដោយឡែក សម្រាប់ភាគរយនៃវឌ្ឍនភាពការងារសម្រេចបាន […]

អាន​បន្ថែម