ជោគវាសនាថ្មីនៃអាកាសយានដ្ឋានពោធិ៍ចិនតុង៖ រាជរដ្ឋាភិបាលបង្កើតក្រុមការងារជំនាញដើម្បីសិក្សាពីការកែប្រែទៅជាតំបន់បម្រើផលប្រយោជន៍សាធារណៈ

ការរក្សានូវមរតកប្រវត្តិសាស្ត្រ ជាមួយគំនិតផ្តួចផ្តើមបង្កើតជាលំហបៃតងដ៏ធំសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការគ្រប់គ្រង និងការប្រើប្រាស់ទីតាំងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ឬព្រលានយន្តហោះពោធិ៍ចិនតុង។ យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង​ ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ហៅកាត់ ក.ស.អ. ក្រុមការងារនេះមានភារកិច្ចធានាថា ផ្ទៃដីទំហំ ៣៨៦ ហិកតា នឹងត្រូវបន្តគ្រប់គ្រងជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងរក្សានូវតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានក្រុមការងារនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃវិស័យអាកាសចរណ៍ស៊ីវិល និងវិស័យសេដ្ឋកិច្ចសំខាន់ៗ។ សមាសភាពនៃ ក.ស.អ. ខាងលើត្រូវអនុវត្តភារកិច្ចដូចមានចែងក្នុងសេចក្តីសម្រេចលេខ ១២០ សសរ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។

ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីប្រតិបត្តិការហោះហើរពាណិជ្ជកម្ម និងអន្តរជាតិទាំងអស់ត្រូវបានផ្ទេរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគ ២,៣ ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២៥។ ទោះបីជាតួនាទីជាច្រកទ្វារអាកាសចរណ៍ចម្បងត្រូវបានបញ្ចប់ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតថា ដីតំបន់ពោធិ៍ចិនតុងមិនមែនសម្រាប់លក់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីអភិវឌ្ឍជាគម្រោងពាណិជ្ជកម្មឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយទីតាំងនេះទៅជាមជ្ឈមណ្ឌលពហុបំណង ដែលអាចរួមមានសួនសាធារណៈ សារមន្ទីរអាកាសចរណ៍ និងតំបន់លំហបៃតងដ៏ធំសម្រាប់ប្រជាពលរដ្ឋសម្រាកកាយក្នុងទីក្រុង។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាកន្លែងដំបូង និងចុងក្រោយដែលភ្ញៀវទេសចររាប់លាននាក់បានឃើញនៅពេលមកដល់កម្ពុជា។ ការប្រែក្លាយទីតាំងប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាការរៀបចំនគរូបនីយកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអភិរក្សមរតកជាតិ ខណៈពេលដែលតម្រូវការបង្កើតកន្លែងថ្មីសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ។ យោងតាមចក្ខុវិស័យថ្មី ពោធិ៍ចិនតុងអាចនឹងក្លាយជា “សួតបៃតង” នៃរាជធានីភ្នំពេញ ដែលផ្តល់នូវកន្លែងហាត់ប្រាណ កន្លែងលំហែកាយសម្រាប់គ្រួសារ ការសិក្សារៀនសូត្រពីប្រវត្តិសាស្ត្រអាកាសចរណ៍ ដែលជាការឧទ្ទិសដល់ព្រះករុណា ព្រះមហាវិរក្សត្រនរោត្តម សីហនុ និងអាចជាផ្លូវចុះចតទីពីរពេលមានអាសន្ន ឬជាផ្លូវចុះចតសម្រាប់យន្តហោះយោធា។

ក្នុងខណៈពេលដែលក្រុមការងារជំនាញកំពុងចាប់ផ្តើមការសិក្សារបស់ខ្លួន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានាកំពុងមានភាពសុទិដ្ឋិនិយមចំពោះការវិវត្តនេះ។ ការផ្លាស់ប្តូររូបរាងពីស្ថានីយអ្នកដំណើរដ៏មមាញឹក ទៅជាតំបន់សាធារណៈដ៏មានតម្លៃ នឹងក្លាយជាសក្ខីភាពមួយនៃការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាចម្បង។ យើងនឹងបន្តតាមដានការវិវត្តនៃគម្រោងដ៏មានសារៈសំខាន់នេះ ដែលនឹងប្រែក្លាយនិមិត្តរូបនៃអតីតកាល ទៅជាមោទនភាពថ្មីសម្រាប់អនាគតរបស់រាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -