កន្ត្រកវិលខ្នាតយក្សតម្លៃជាង៧លានដុលា្លរបានចាប់ផ្តើមសាងសង់ក្នុងខេត្តសៀមរាបហើយ
កន្ត្រកវិលខ្នាតយក្សកម្ពស់ជាង៨០ម៉ែត្រដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក ស្ថិតក្នុងខេត្តសៀមរាប បានចាប់ផ្តើមសាងសង់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។
តាមការចុះផ្សាយរបស់ប្រភពខាងលើ កន្ត្រកវិលខ្នាតយក្សនេះដែលមានទីតាំងស្ថិតក្នុងទីតាំង Box Ville ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប គឺជាការវិនិយោគដោយក្រុមហ៊ុន Angkor Eye Company Limited ក្នុងទំហំទឹកប្រាក់ប្រមាណជា ៧.២លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រយៈពេល ៦ខែក្នុងការសាងសង់ពោលគឺនឹងដាក់ឲ្យដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
កន្ត្រកវិលនេះ មានកម្ពស់៨៥ម៉ែត្រពីដី ដែលមានកន្ត្រកវិលចំនួន៤៨កន្ត្រក និងសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ១៩២នាក់ ក្នុងមួយជុំដែលមានរយៈពេល ១៨ នាទី។
មន្ទីរព័ត៌មានខេត្តសៀមរាប បានស្រង់សម្តីរបស់ លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eye ថា៖ «កម្ពុជាគឺជាប្រទេសទី១ ដែលបាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុន និងមានកម្ពស់ខ្ពស់ជាងគេក្នុងទីផ្សារ [ពោលគឺ] ធំទី៣នៅអាស៊ីអាគ្នេយ៍»។
លោកក៏បានបន្ថែមដែរថា ការជ្រើសរើសខេត្តសៀមរាបសម្រាប់គម្រោងនេះ គឺដោយសារខេត្តនេះសម្បូរទៅដោយប្រាង្គប្រាសាទ និងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ប្រកបដោយភាពទាក់ទាញបំផុត។
ជាងនេះទៀត ប្រភពខាងលើក៏បានស្រង់សម្តី លោក Taheyoshi Shinomiya ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Angkor Eye ដូច្នេះថា៖ «កន្ត្រកវិលអង្គរអាយ នឹងក្លាយជាគំរោងទី១៤ របស់ក្រុមហ៊ុន CQ Amenic Co ខណៈដែលក្រុមហ៊ុននេះ មានកន្ត្រកវិលចំនួន១៣កន្លែងនៅក្នុងពិភពលោក ហើយក៏ធ្លាប់បានធ្វើការវិនិយោគលើកដំបូងនៅកម្ពុជានូវសួនទឹកនៅផ្សារទំនើបអ៊ី អន ផងដែរ ហើយកន្ត្រកវិលពីប្រទេសជប៉ុននេះ មានលក្ខណៈពិសេសប្លែកដែលបានផលិតនិងបង្កើតឡើងជាមួយរូបសណ្ឋានលម្អិតដ៏កម្រ ក្នុងចំណោមកន្ត្រកវិលទាំ១៤០ក្នុងប្រទេសជប៉ុន»។
ជាមួយគ្នានេះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបក៏បានស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើនេះ ដែលបានជួយលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការផលិត ផលិតផលទេសចរណ៍ដែលមិនអាចខ្វះបាន និងបានចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។

- Video Advertisement -