កម្ពុជាទទួលបានកម្ចីជាង៥ពាន់លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ
ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីជាង៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍ចិន ដែលជាផ្នែកមួយនៃការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកន្លងមក នេះបើយោងតាមការឲ្យដឹងពីធនាគារផ្ទាល់កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការគាំទ្រហិរញ្ញប្បទានអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមនៅកម្ពុជា» នៅឯសាលបុរីកោះពេជ្រ លោក Liu Jin ព្រឹទ្ធបុរសនៃវិទ្យាស្ថានអភិវឌ្ឍន៍ហិរញ្ញវត្ថុ និងជាអគ្គនាយកផ្នែកអប់រំនិងបណ្តុះបណ្តាលរបស់ធនាគារអភិវឌ្ឍន៍ចិន បានឲ្យដឹងថា ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ២០០៧មកទល់នឹងពេលបច្ចុប្បន្ននេះ ធនាគារបានផ្តល់ប្រាក់កម្ចីដល់កម្ពុជាសរុបប្រមាណជា ៥៣០០ លានដុល្លារអាមេរិក។
កម្ចីទាំងនោះគឺសម្រាប់គាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជា វារីអគ្គិសនីសេសានក្រោមពីរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ២៥ គម្រោងបន្ថែមទៀត។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ក៏បានឲ្យដឹងដែរថា ធនាគារអភិវឌ្ឍន៍ចិនកន្លងមកក៏បាននិងកំពុងផ្តល់ហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមហ៊ុនឯកជននានា លើ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវថ្នល់ ស្ពាន វារីអគ្គិសនី ក៏ដូចជាព្រលានយន្តហោះ ដែលជាផ្នែកមួយនៃការគាំទ្រដល់«គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់»របស់រដ្ឋាភិបាលចិន។
ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងដែរថា កម្ចីបរទេសមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសក៏ប៉ុន្តែរដ្ឋាភិបាលក៏មានការប្រុងប្រយត្ន័ផងដែរ។
ឯកឧត្តមបានឲ្យដឹងថា៖ «យើងបានប្រកាន់ខ្ជាប់នូវវិន័យច្បាប់ហិរញ្ញវត្ថុ និងមានវិធីសាស្រ្តគ្រប់គ្រងបំណុលសាធារណៈច្បាស់លាស់ ដែលធ្វើឲ្យយើងគ្រប់គ្រងស្ថានភាពបំណុលបានល្អប្រសើរក្នុងកម្រិតប្រមាណជា ២១ ភាគរយនៃផ.ស. ស»។
«ដូច្នេះស្ថាបន័ធនាគារ ដូចជា ធនាគារកាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិនជាដើម មានតួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការធ្វើវិស្វកម្មហិរញ្ញវត្ថុក៏ដូចជាទម្រង់ហិរញ្ញប្បទានផ្សេងៗ» ឯកឧត្តមបានបន្ថែមយ៉ាងដូចនេះ។
គួររម្លឹកថា សិក្ខាសាលាខាងលើនេះ គឺធ្វើឡើងដើម្បីឲ្យធនាគារអភិវឌ្ឍន៍ចិនចែករំលែកបទពិសោធជោគជ័យរបស់ខ្លួនទាក់ទងនឹងការផ្តល់ហិរញ្ញប្បទាន និងទូទាត់ពាណិជ្ជកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ។

- Video Advertisement -