កម្ពុជានឹងមានរោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យដ៏ធំមួយមានអានុភាព៦០មេហ្គាវ�
រូបភាពដោយ Pixabay
ស្របពេលដែលពិភពលោកកំពុងផ្លាស់ប្តូរទៅរកការវិនិយោគថាមពលអគ្គីសនីកកើតឡើងវិញ កម្ពុជាបាននិងកំពុងពង្រីកវិសាលភាពនៃប្រភពនៃការផលិតថាមពលអគ្គីសនីរបស់ខ្លួនទៅរកការផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។
ក្នុងន័យនេះ កម្ពុជាកំពុងត្រៀមខ្លួនទទួលយកថាមពលអគ្គីសនីពីរោងចក្រផលិតអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យដោយការបំពាក់ផ្ទាំងកញ្ចក់សូឡាក្នុងពេលឆាប់ៗនេះ។ រោងចក្រផលិតអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យនេះដែលវិនិយោគដោយក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គីសនីក្នុងស្រុកឈ្មោះថា SchneiTec Group គឺមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺហើយមានអានុភាពផលិតអគ្គីសនីទៅឲ្យអគ្គិសនីកម្ពុជា EDC ដល់ទៅ៦០មេហ្គាវ៉ាត់។
រោងចក្រផលិតអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យខាងលើនេះ គឺនឹងមានបំពាក់ផ្ទាំងកញ្ចក់សូឡារហូតដល់ទៅ ២០០ ០០០ ផ្ទាំងដោយក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ផ្ទាំងកញ្ចក់សូឡាដ៏ធំមួយក្នុងពិភពលោកឈ្មោះថា JinkoSolar Holding Co., Ltd នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីពេល ថ្មីៗនេះដោយក្រុមហ៊ុនផ្ទាល់។ ក្នុងនោះដែរ ការតំឡើងប្រពន័្ធអគ្គិសនីនៃរោងចក្រ នេះគឺបានចាប់ផ្តើមតាំងពីខែវិចិ្ឆកាឆ្នាំ២០១៨មកម្ល៉េះហើយការផ្គត់ផ្គង់អគ្គីសនីវិញគឺនឹងចាប់ផ្តើមដំណើរការជាផ្លូវការក្នុងខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ លោក Gener Miao អនុប្រធានផ្នែកលក់ទូទាំងពិភពលោកនិងទីផ្សាររបស់ក្រុមហ៊ុន Jinko បានឲ្យដឹងថា៖ «ការតំឡើងថាមពលព្រះអាទិត្យ៦០មេហ្គាវ៉ាត់នេះ គឺជាជំហានដំបូងឆ្ពោះទៅរកអនាគតថាមពលកកើតឡើងវិញដ៏សម្បូរបែបប្រកបដោយថាមពលនៅកម្ពុជា»។
«យើងមានការរំពឹងទុកដ៏ធំធេងសម្រាប់តំបន់ទាំងមូល។ កំណើនប្រជាពលរដ្ឋក្នុងតំបន់ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងខ្លា និងពន្លឺព្រះអាទិត្យដ៏ច្រើនក្នុងតំបន់នេះបង្ហាញពីឱកាសដ៏អស្ចារ្យសម្រាប់ថាមពលដើរដោយពន្លឺព្រះអាទិត្យនិងសម្រាប់ក្រុមហ៊ុន JinkoSolar ផ្ទាល់» លោក Gener Miao បានបន្ថែមយ៉ាងដូច្នេះ។
គួររម្លឹកថា វិស័យថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យត្រូវបានរដ្ឋាភិបាលគាំទ្រនិងអនុម័តបទបញ្ញាត្តិក្នុងការតភ្ជាប់ប្រព័ន្ធថាមពលនេះទៅក្នុងបណ្តាញអគ្គីសនីជាតិ។ ក្នុងនោះផងដែរ វេទិកាពិភាក្សាស្តីពីវិស័យថាមពលនៅកម្ពុជាកាលពីពេលប៉ុន្មានខែមុនកន្លងទៅនេះ បានបង្ហាញថា ១០ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានផ្លាស់ប្តូរពីអគ្គិសនីផលិតដោយប្រេងម៉ាស៊ូតហើយក៏បានកាត់បន្ថយការនាំចូលថាមពលពីអត្រា៦០ភាគរយមកត្រឹមតែ ២០ភាគរយ។ អានបន្ថែម
- Video Advertisement -