កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២
កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។
ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។
មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង
ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។
លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។
Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង ចំនួនភ្ញៀវទេសចរអន្តរជាតិ និង ការវិនិយោគលើវិស័យបដិសណ្ឋារកិច្ច។ យើងខ្ញុំទន្ទឹងរង់ចាំការចាប់ដៃគូជាមួយ Wywaza Investment នៅក្នុងការបញ្ចូលសណ្ឋាគារ KHŌM ទៅជាសណ្ឋាគារ Autograph Collection ដំបូងរបស់ Marriott International នៅក្នុងទីផ្សារនេះ។”
លោក ឌុក ឌៀន ម្ចាស់កម្មសិទ្ធិនិងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Wywaza Investment បានមានប្រសាសន៍ថា ៖ “យើងខ្ញុំមានមោទនភាពក្នុងការចូលរួមជាក្រុមជាមួយនឹង Marriott International ដើម្បីនាំមកប្រេន Autograph Collection មកកាន់ប្រទេសកម្ពុជា… រួមជាមួយនឹងការប្ដេជ្ញារបស់ Marriott International ទៅលើការផ្ដល់ជូននូវប្រេននិងបទដ្ឋានសេវាកម្មល្អឯក យើងមានជំនឿថាភ្ញៀវទេសចរនិងប្រជាជនក្នុងស្រុកភាគច្រើននឹងស្វាគមន៍សណ្ឋាគារ នេះនៅពេលវាបើកដំណើរការក្នុងឆ្នាំ ២០២២។”
គួរបញ្ជាក់ផងដែរថា Autograph Collection គឺជាក្រុមសណ្ឋាគារប្រណីតរំដាប់ខ្ពស់ក្នុងក្រុមសម្ព័ន្ធ Marriott International ដែលបច្ចុប្បន្នមានសមាជិកជាង ១៧០ កន្លែង ជុំវិញពិភពលោក។
ជាមួយគ្នានេះដែរ ក្រៅពីសណ្ឋាគារ Autograph Collection កម្ពុជាក៏កំពុងត្រៀមខ្លួនស្វាគមន៍សណ្ឋាគារក្នុងក្រុមសម្ព័ន្ធ Marriott International មួយទៀតគឺ Fairfield by Marriott Hotel Phnom Penh តម្លៃជាង ១៥០ លានដុល្លារ។ បច្ចុប្បន្នសណ្ឋាគារនេះស្ថិតក្នុងដំណាក់កាលការសាងសង់ ហើយគ្រោងនឹងបើកឲ្យដំណើរការក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។
(អានបន្ថែម)


- Video Advertisement -