កម្ពុជា​ពង្រឹង​គោលនយោបាយ​លំនៅឋាន​ដែលមាន​តម្លៃសមរម្យ​ជាមួយនឹង​សសរស្តម្ភ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​បួន

ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តគោលនយោបាយជាតិ​ស្តី​ពី​លំនៅឋាន​ រាជ​រដ្ឋាភិបាល​តាមរយៈក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុង​រៀបចំ និងកែសម្រួល នឹងដាក់បញ្ចូលនូវចំណុចសំខាន់ៗចំនួន៤ លើ​សេចក្តីព្រាង «គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យ»។

នេះបើយោងតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥។

​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបឱ្យដឹងថា​ គោលនយោបាយថ្មី ដែលត្រូវ​ធ្វើបច្ចុប្បន្នភាព​នេះ នឹង​ត្រូវ​ជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧» និង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឆ្នាំឆ្នាំ២០១៤ និង​ធានានិរន្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

គោលបំណងជាយុទ្ធសាស្ត្រចំនួន ២

ឯកឧត្តបន្តថា ​ គោលនយោបាយថ្មី នេះ​មានគោលបំណងពីរធំៗ ១) ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កម្មសិទ្ធិ​ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន​ដែលមានចំណូលកម្រិតទាប មធ្យម និង​ក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ​ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត កម្មករនិយោជិត និង​អ្នកធ្វើចំណាកស្រុក និង ២) ជំរុញ​ការ​អភិវឌ្ឍ​នគរូបនីយកម្ម។ ជារួមតាមរយៈគោលបំណងនៃ គោលនយោបាយថ្មីនេះ មានយុទ្ធសាស្រ្តថ្មីពីរដែលត្រូវដាក់ចេញ គឺការផ្តល់តាមយៈកម្មសិទ្ធិ និងតាមរយៈការជួល

ទិដ្ឋភាពថ្មីៗចំនួន ៤ នៃគោលនយោបាយ

យោងតាមក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលបំណងទាំងអស់នោះ​​ «សេចក្តីព្រាងគោលនយោ​បាយ» នេះបានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ដែលមានលក្ខណៈខុសប្លែកពីគោលនយោបាយឆ្នាំ២០១៧ រួមមាន៖

១) ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និង​វិស័យឯកជន​
២) ការបន្ថែមជម្រើសហិរញ្ញប្បទាន និង​យន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ និង​លំនៅឋានតម្លៃសមរម្យសម្រាប់ជួល
៣) ការកែតម្រូវ និង​ធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និង​អតិថិជនគោលដៅ​សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទ​សង្គម-សេដ្ឋកិច្ច និង
៤) ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង​ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង​។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួង និងបានណែនាំឱ្យបន្តកែសម្រួលខ្លឹមសារមួយចំនួនឱ្យកាន់តែច្បាស់លាស់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ៕

- Video Advertisement -