អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។

អាន​បន្ថែម