កម្ពុជារំពឹងទាក់ទាញទេសចរចិនតាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍

ប្រទេសកម្ពុជារំពឹងទាក់ទាញរំហូរទេសចរចិនមកទស្សនាកំសាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត តាមរយៈរថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ស្របពេលដែលមានកំណើនចំនួនទេសចរធ្វើដំណើរតាមរយៈផ្លូវ នេះកាន់តែច្រើន ហើយមានតម្លៃសមរម្យ បូកផ្សំនឹងការសម្របសម្រួលគោលនយោបាយការធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានលើកឡើងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា​ ដោយសារចំនួននៃទេសចរចិន ឡាវ និងថៃ ដែលធ្វើដំណើរទៅមករវាងប្រទេសទាំងបីមានចំនួនកើនឡើងច្រើន ដែលនេះក៏ជាឱកាសរបស់កម្ពុជាផងដែរ ហើយតម្លៃនៃសេវាកម្មតាមរយៈរថភ្លើងល្បឿនលឿននេះមានតម្លៃសមរម្យ និងមានសុវត្ថិភាព។

លើសពីនេះ នៅក្នុងជំនួបទ្វេភាគីជាមួយលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា កម្ពុជា និងឡាវបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់ តាមរយៈការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជា ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ជាដើម។

ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន ប្រទេសចិន មានអ្នកដំណើរឡាវ ថៃជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ ព្រោះថ្លៃសំបុត្រថោកហើយសុវត្ថិភាព»។

គួររម្លឹកថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជានិងថៃក៏គ្រោងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមកផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]