កម្ពុជាស្នើឲ្យ Alibaba ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម
រូបភាពដោយ Adventures of a Regular Guy
កម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន 4PX Express របស់សម្ព័ន្ធ Alibaba Cainiao Logistics Group ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនក្នុងទីផ្សារកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនខាងលើ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យក្រុមហ៊ុន 4PX Express ពិចារណាលើការប្រើប្រាស់ព្រលានយន្តហោះនៅកំពង់ឆ្នាំងជាកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដោយសារតែខេត្តនេះជាទីតាំងឋិតនៅចំចំណុចកណ្តាលសម្រាប់ការតភ្ជាប់តាមផ្លូវដែក ផ្លូវទឹក ផ្លូវហាយវេ និងផ្លូវជាតិផងដែរ។
សំណើខាងលើនេះ គឺដោយសារកន្លងមក កម្ពុជាមិនធ្លាប់បានប្រើប្រាស់ព្រលានយន្តហោះនៅកំពង់ឆ្នាំងជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ខ្លួននោះទេ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមរយៈការរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប ឃ្លាំងស្តុកទំនិញតាមស្តង់ដាអន្តរជាតិ ព្រមទាំងការសម្រួលដល់នីតិវិធីឯកសាររដ្ឋបាលផងដែរ។
ជាក់ស្តែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ។ (អានបន្ថែម)
គួររម្លឹកថា ព្រលានយន្តហោះកំពង់ឆ្នាំងគឺត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហមដែលមានទំហំធំជាងគេក្នុងចំណោមព្រលានយន្តហោះនៅកម្ពុជា ហើយមានផ្លូវសម្រាប់យន្តហោះរត់ប្រវែងរហូតដល់ទៅ ២,៤០០ ម៉ែត្រ ហើយរដ្ឋាភិបាលកន្លងមកក៏ធ្លាប់បានសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកំពង់ឆ្នាំងនេះផងដែរ។

- Video Advertisement -