ការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?

នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។

តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា?

ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។

ដោយឡែក ទ្រព្យឯកជនរបស់រដ្ឋ គឺអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ។ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ ឬជួលទៅឱ្យឯកជន។ (អានបន្ថែម)

បើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទ្រព្យទាំង ២ ខាងលើ អាចផ្លាស់ទម្រង់បាន តាមរយៈការធ្វើអនុប្បយោគ និងអធិប្បយោគ។

អនុប្បយោគ មានន័យថា ជាការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ការធ្វើអនុប្បយោគ គឺធ្វើឡើងចំពោះតែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណា ដែលបាត់បង់លក្ខណៈសម្បត្តិក្នុងការបម្រើប្រយោជន៍សេវាសាធារណៈ។

ឧទាហរណ៍ ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន ដែលការកាត់នេះ ធ្វើឡើងតាមការធ្វើអនុប្បយោគ។ ការធ្វើបែបនេះបាន ក៏ព្រោះតែបឹងនេះ បានបាត់បង់ប្រយោជន៍ជាសាធារណៈទៅហើយ។ (អានបន្ថែម)

ឧទាហរណ៍មួយទៀតគឺការកាត់ដីព្រៃឈើចាស់ឱ្យឯកជន។ ដូចគ្នា ការធ្វើអនុប្បយោគបានលុះត្រាតែដីនោះ គ្មានព្រៃឈើទៀតទេ ឬព្រៃឈើបានបាត់បង់អស់យូរមកហើយ។

ចំណែក អធិប្បយោគវិញ គឺផ្ទុយពីអនុប្បយោគ ពោលគឺការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទ្រព្យឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ។

ក្រោយការធ្វើអធិប្បយោគ ទ្រព្យសម្បត្តិទាំងនោះ មិនអាចជាកម្មវត្ថុនៃការលក់ ការដូរ សម្បទាន ការផ្ទេរកម្មសិទ្ធិ និងការជួលបានទៀតនោះទេ។

គួរបញ្ជាក់ថា ទាំងអនុប្បយោគ និងអធិប្បយោគ ត្រូវធ្វើតាមវិធានដែលកំណត់ដោយច្បាប់ ប៉ុន្តែការធ្វើអនុប្បយោគ អាចធ្វើទៅបានចំពោះតែទ្រព្យសម្បត្តិទាំងឡាយណា ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]