ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់

ការស្ថាបនាកំពង់ផែទេសចរណ៍នៅ ខេត្តកំពត មិនអាចបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំនេះបានឡើយ ដោយសារដំណើការសាងសង់រាំងស្ទះដោយការរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមក្រសួងទេសចរណ៍ កាលបរិច្ឆេទបញ្ចប់ការងារសាងសង់ទាំងមូលនៃកំពង់ផែទេសចរណ៍នេះ គឺលើកទៅចុងឆ្នាំ ២០២១។

ឯកឧត្តម តុប សុភ័ក្រ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹង កាលពីថ្ងៃទី ១៤ កញ្ញានេះថា៖ «បច្ចុប្បន្នការងារសាងសង់សម្រេចបានជាង ៣០%។ តែដោយសារបញ្ហាកូវីដហ្នឹង ការសាងសង់នឹងបញ្ចប់នៅចុងឆ្នាំ ២០២១…បើមិនមានអីប្រែប្រួលទេ ក្នុងរង្វង់ដើមឆ្នាំ ២០២២ គឺអាចដាក់ឱ្យដំណើរការ»។

គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាកូវីដ ការសាងសង់គម្រោងនេះគឺយឺតយ៉ាវម្ដងហើយម្ដងទៀត ដោយកាលពីខែ ឧសភា កន្លងមកនេះ ការសាងសង់សម្រេចបានប្រមាណ ៣០% ហើយច្ចុប្បន្ន គឺនៅទ្រឹងប្រមាណជាង ៣០% ដដែល។ (អានបន្ថែម)

កំពង់ផែទេសចរណ៍អន្តរជាតិនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ ដែលបានបើកការដ្ឋានកាលពីខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់កម្ចីប្រមាណ ៨លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែដែលមានប្រវែង ៣០០ម៉ែត្រ អាចនឹងឱ្យនាវាដឹកដំណើរពីអ្នកដំណើរពី ៣០០ ទៅ៤០០នាក់ ចូលចតបាន។

លើសពីនេះ កំពង់ផែទេសចរណ៍អន្តរជាតិនេះ គឺជាច្រកចេញចូលនាវាទេសចរណ៍ ភ្ជាប់ពីប្រទេសថៃ និងវៀតណាម ចូលមកខេត្តកំពត ដែលជាខេត្តមាត់សមុទ្រមួយនៃខេត្តជាប់សមុទ្រទាំង ៤ នៃប្រទេសកម្ពុជា៕

- Video Advertisement -