ការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ទាំងស្រុង នៅខែមីនាខាងមុខនេះ
គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់រួចរាល់ទាំងស្រុង ត្រឹមថ្ងៃទី១៥ ខែមីនា ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។ នេះបើយោងតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់យ៉ាងយូរនៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ឯកឧត្តមបញ្ជាក់ថា ទោះផ្លូវផ្ទាល់ត្រូវបានសាងសង់រួចក៏ពិតមែន តែនៅមានការងារផ្សេងៗដែលត្រូវបញ្ចប់ដូចជា បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូសចរាចរណ៍ ការបំពាក់ភ្លើងចរាចរណ៍ ជាដើម។
ក្រៅពីគម្រោងផ្លូវ ៣៤ ខ្សែ នេះ រដ្ឋាភិបាលក៏ទើបតែសម្រេចទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ ១០០ លានដុល្លារទៀត ដើម្បីសាងសង់ផ្លូវ១១ ខ្សែ ដោយគិតត្រឹមខែ មករា សម្រចបានជាង ១១% ហើយ។ (អានបន្ថែម)
លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងសិក្សាបង្កើតជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍ផងដែរ។ (អានបន្ថែម)

