កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ
ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។
Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះសីហនុ ទៅទីតាំងថ្មីវិញដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។
គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីកាស៊ីណូថ្មីនេះ មានផ្ទៃសរុប ១០.៥០០ ម៉ែត្រក្រឡា ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់ និងដំឡើងឧបករណ៍ចាំបាច់សម្រាប់កាស៊ីណូ។ បើយោងតាមផែនការត្រួសៗ ក្រុមហ៊ុននឹងដាក់ម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹង ភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រី។
ប្រភពដដែលក៏បានឱ្យដឹងថា ទីតាំងថ្មីនេះគ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ ខាងមុខនេះ។



