កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ
កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។
ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។
កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។
កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។
បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។
ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។
គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម)
ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម)





- Video Advertisement -