ក្រសួងជំរុញវិស័យឯកជនវិនិយោគផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរុញវិស័យឯកជនឱ្យវិនិយោគលើការផ្តត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋបន្ថែមទៀត ខណៈតម្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ មានទំនោរកើនឡើង។
ការជំរុញការវិនិយោគផ្គត់ផ្គង់ទឹកស្អាត គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត និងដើម្បីចូលរួមអនុវត្តជាមួយរដ្ឋាភិបាលក្នុងការសម្រេចបានគោលដៅគោលនយោបាយទឹក និងអនាម័យរបស់រដ្ឋាភិបាល ដែលកំណត់ថា ត្រឹមឆ្នាំ ២០២៥ ប្រជាជន ១០០ ភាគរយ នៅទីប្រជុំជន នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
ការផ្គត់ផ្គង់ទឹកស្អាតសាធារណៈ និងឯកជន សរុបចំនួន ៣៣១,៦១៤,២៥៦ ម៉ែត្រត្រីគុណ ក្នុងឆ្នាំ ២០១៩ ដែលតួលេខនេះ បង្ហាញឱ្យឃើញពីកំណើនតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណ ៧.៤ ភាគរយ។

តួលេខសេវាករផ្គត់ផ្គង់ទឹកស្អាត ក្នុង ឆ្នាំ២០១៩ បង្ហាញឱ្យឃើញថា មានក្រុមហ៊ុន និងអាជីវករទឹកស្អាតឯកជន ចំនួន ២៥៨ ដែលផ្តល់ទីតាំងផ្គត់ផ្គង់ទឹក មានប្រមាណ ៨១ លានម៉ែត្រត្រីគុណ។ ក្រៅពីនេះ ការផ្គត់ផ្គង់ ធ្វើឡើងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្វយ័តសៀមរាប និងរដ្ឋាករទឹកសាធារណៈ។
ថ្វីត្បិតថា បរិមាណសេវាផ្គត់ផ្គង់ មានការកើនឡើងក៏ពិតមែន ក៏ការផ្គត់ផ្គង់នៅតែត្រូវការបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងពង្រីកបន្ថែមដល់តំបន់ដែលពុំទាន់ទទួលបានសេវាផ្គត់ផ្គង់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិដ្ឋ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងនៅក្នុងកម្មវិធីទឹកស្អាត កាលពីពេលថ្មីៗនេះថា “ក្រសួងបានជំរុញការចូលរួមពីវិស័យឯកជន ក្នុងការសាងសង់ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់ឃុំ សង្កាត់ដែលពុំទាន់មានប្រព័ន្ធទឹកស្អាត។”
“ចាប់ពីពេលនេះទៅ គោលនយោបាយ របស់យើងមិនត្រឹមគិតតែទីប្រជុំជនទេ តែគិតដល់តំបន់ទីជនបទផងដែរ តាមគ្រប់លទ្ធភាព។ ក្នុងនោះ ការវិនិយោគ លក់ដុំត្រូវបានលើកទឹកចិត្ត ដើម្បីលក់បន្តដល់អាជីវករលក់រាយអាចតដំណរទឹកស្អាតចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋ តាមតំបន់គោលដៅរបស់ខ្លួន ។” ឯកឧត្ដម កិត្តិ សេដ្ឋាបណ្ឌិត បានបញ្ជាក់បន្ថែមនៅចំពោះមុខប្រធាន និង សមាជិកក្រុមប្រឹក្សាភិបាលជាប់ឆ្នោតថ្មីនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា កាលពីថ្ងៃ ១៣ កុម្ភៈ ឆ្នាំ ២០២០។
យោងតាមរបាយការណ៍ក្រសួង គិតត្រឹមឆ្នាំ២០១៩ អត្រាគ្រប់ដណ្តប់ក្នុងតំបន់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេស ជាមធ្យម មានប្រមាណ ៥៦.៣៧ ភាគរយ។ ដោយឡែក រាជធានីភ្នំពេញ អត្រាផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត សម្រេចបានជាង ៨៥ ភាគរយហើយ៕

- Video Advertisement -