ក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។

ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម។

សកម្មភាពននេះ ក៏អាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភ័ណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ដូច្នេះ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាការដ្ឋានសំណង់នានា ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់។

- Video Advertisement -