ក្រសួងរ៉ែច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្ករឲ្យបាក់ច្រាំង

ក្រសួងរ៉ែ និងថាមពល បានច្រានចោលរបាយការណ៍ស្ដីពីការបូមខ្សាច់លើសកំណត់ដែលអាចបង្កឲ្យមានការបាក់ច្រាំងតាមដងទន្លេមេគង្គ ដោយអះអាងថាសកម្មភាពបូមខ្សាច់នៅកម្ពុជា គឺនៅមានកម្រិតទាបនៅឡើយ ហើយស្ថិតក្រោមការគ្រប់គ្រងតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ។

ការលើកឡើងរបស់ក្រសួងនេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេសថ្មីមួយ ដែលបានរកឃើញថា តាមបណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា អាចនឹងប្រឈមហានិភ័យក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលបណ្ដាលមកពីតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់។ (អានបន្ថែម)

ទាក់ទងនឹងការលើកឡើងនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបំភ្លឺជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យដោយផ្ទាល់ថា បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណចំនួន ៣០ នៅតាមដងទន្លេតែប៉ុណ្ណោះ ពោលគឺកម្រិតទាបបំផុត បើប្រៀបធៀបទៅនឹងប្រវែង និងទំហំទន្លេទាំងមូលដែលហូរកាត់ប្រទេសកម្ពុជា។

លោក អ៊ឹង ឌីប៉ូឡា បានលើកបន្ថែមថា៖ «បើសរុបចំនួនអាជ្ញាប័ណ្ណទាំងអស់ទៅ ទីតាំងដែលមានសកម្មភាពបូមខ្សាច់ គឺមានប្រមាណត្រឹមតែប្រហែល ៣០ គីឡួម៉ែត្រ និងទទឹងជាមធ្យម១០០ម៉ែត្រ តែប៉ុណ្ណោះ ដែលតូចណាស់ប្រៀបធៀបទៅនឹងប្រវែងទន្លេមេគង្គដែលហូរកាត់ប្រទេសកម្ពុជាប្រវែងដល់ទៅជាង ៥០០ គីឡូម៉ែត្រ និងទទឹងពី ១ ទៅ ៣គីឡួម៉ែត្រ ពោលគឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះនៃបណ្តោយទន្លេសរុប»។

«លើសពីនេះ ទីតាំងអាជ្ញាប័ណ្ណនោះ គឺមិនមែននៅជាប់ៗគ្នាទាំងអស់នោះទេ ប៉ុន្តែគឺលាតសន្ធឹងតាមចំណុចដែលមានខ្សាច់ដុះច្រើនហើយនៅឆ្ងាយពីច្រាំង ឆ្ងាយពីសំណង់នានា ក៏ដូចជាលំនៅដ្ឋានប្រជាជន ដូច្នេះការបាក់ច្រាំងគឺមិនមែនមកពីបូមខ្សាច់នោះទេ ដោយឡែកគឺជាបាតុភូតិធម្មជាតិសុទ្ធសាធ។ លើសពីនេះទីតាំងដែលក្រសួងផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុន ឬអាជីវករ គឺជាទីតាំងត្រឹមត្រូវតាមបច្ចេកទេស និងមិនបង្កឲ្យបាក់ច្រាំងនោះទេ។ » លោកបានបន្ត។

ផ្ទុយទៅវិញ ការបូមខ្សាច់គឺអាចជួយការពារការបាក់ច្រាំងទៅវិញទេ បើការបូមខ្សាច់នេះធ្វើឡើងស្របតាមបទដ្ឋានបច្ចេកទេស។

លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ទៀតថា៖ «តាមលក្ខណៈធម្មជាតិ បើមានខ្សាច់កកដុះនៅច្រាំងម្ខាង នោះច្រាំងម្ខាងទៀត កាន់តែបាក់ទៅៗ ព្រោះទឹកនឹងហូរខ្លាំងនៅកន្លែងដែលជ្រៅ។ ក្នុងករណីខ្លះនៅពេលមានការកកើតកោះនៅកណ្តាលទន្លេនោះទឹកនឹងហូរទៅបុកច្រាំងទាំងសងខាងដែលបង្កឱ្យមានការបាក់ច្រាំងជាបន្តបន្ទាប់។ ដូច្នេះបើយើងបូមខ្សាច់នៅចំណុចដែលរាក់ គឺនឹងជួយឲ្យលំហូរទឹកមិនសូវបុកទៅច្រាំងម្ខាងទៀត ដែលនឹងបង្កើតតុល្យភាពលំហូរទឹក ក៏ដូចជាជួយការពារ និងកាត់បន្ថយការបាក់ច្រាំងបានដែរ។ ហើយនេះគឺអ្វីដែលក្រសួងរ៉ែនិងថាមពលយើងកំពុងតែអនុវត្តន៍»។

«ចាប់ពីទល់ដែនប្រទេសឡាវរហូតដល់ទល់ដែនប្រទេសវៀតណាមច្រាំងទន្លេជាច្រើនកន្លែងមានការបាក់ ការបាក់នោះបានបង្កឡើងដោយកត្តាធម្មជាតិ ហើយទីតាំងទាំងនោះពុំមានអាជ្ញាប័ណ្ណខ្សាច់នោះទេ អញ្ចឹងហើយ ទោះជាមិនមានការបូមខ្សាច់ ក៏ច្រាំងនៅតែបាក់ដែរ នេះជារឿងធម្មជាតិដែលមិនអាចប្រកែកបាន»។

បើយោងតាមទិន្នន័យរបស់ក្រសួងរ៉ែនិងថាមពល ជាមធ្យមប្រទេសកម្ពុជាបូមខ្សាច់ចេញពីទន្លេមេគង្គប្រមាណពី ៧ ទៅ ៨ លានម៉ែ្រតគូបក្នុងមួយឆ្នាំៗដើម្បីបំពេញតម្រូវការសំណង់នៅកម្ពុជា នេះបើយោងតាម លោក អ៊ឹង ឌីប៉ូឡា បរិមាណខ្សាច់នេះមានចំនួនតិចតួចណាស់បើប្រៀបធៀបទៅនឹងកំណកខ្សាច់ និងការហូរខ្សាច់ចូលមកវិញ។

លោក អ៊ឹង ឌីប៉ូឡា បានបន្តថា៖ «ការដែលខ្សាច់ដុះនេះគឺមិនមែនល្អរហូតនោះទេ ដូចជានៅតំបន់ទន្លេបួនមុខ ជិតសណ្ឋាគារសុខា គឺមានខ្សាច់ដុះច្រើនណាស់ដែលកំពុងតែបង្កបញ្ហាដល់ការធ្វើនាវាចរណ៍ និងលំហូទឹកចេញចូលទៅបឹងទន្លេសាប។ រីឯនៅតំបន់រកាកោង ត្រើយខាងកើតនៃទន្លេមានការកកដុះខ្សាច់ជាច្រើន ចំណែកឯនៅត្រើយខាងលិចមានការបាក់ច្រាំងជាខ្លាំង ដែលកំពុងបង្កឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅតាមដងទន្លេ និងបង្កហានិភ័យផ្លូវជាតិលេខ៦A»។

«ដូច្នេះការអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ទាំងនោះនឹងជួយដោះស្រាយនូវបញ្ហាមួយចំនួនដូចជាការបន្ធូរបន្ថយហានិភ័យនៃការបាក់ច្រាំង ការបើកផ្លូវនាវាចរណ៍ ក៏ដូចជាការបន្ថែមចំណូលចូលថវិកាជាតិតាមរយៈការបង់សួយសារនិងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ»។

លើសពីនេះ ក្រសួងក៏បានបញ្ជាក់ទៀតថា ទោះបីជាសកម្មភាពបូមខ្សាច់នៅកម្ពុជាស្ថិតក្រោមការគ្រប់គ្រងយ៉ាងហ្មត់ចត់ក្ដី ក្រសួងក៏នៅតែបន្តចុះត្រួតពិនិត្យជម្រៅទឹកទន្លេ និងសកម្មភាពបូមខ្សាច់រៀងរាល់ ៣ខែម្ដង រីឯមន្ទីរ៉ែនិងថាមពលចុះត្រួតពិនិត្យជារៀងរាល់ខែ ដើម្បីធានាថាការបូមខ្សាច់ នឹងមានផលប៉ះពាល់តិចបំផុតដល់បរិស្ថាន ក៏ដូចជាធ្វើឡើងប្រកបដោយនិរន្ដភាព។

ក្រសួងក៏បានសំណូមពរដល់ប្រជាជនទាំងអស់ អាចធ្វើការទាក់ទងមក លេខទូរស័ព្វ Hotline ០៩៥ ៧២៧ ៧២៧ ក្នុងករណីរកឃើញសកម្មភាពបូមខ្សាច់ ឬរុករករ៉ែខុសច្បាប់។

 

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]