ក្រសួងសាធារណការប្ដេជ្ញាជួសជុល និងលើកកម្ពស់ផ្លូវដែលខូចខាតមិនឱ្យលិចខ្លាំងនៅឆ្នាំក្រោយ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។
ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៅកាន់ប្រជាជនក្នុងតំបន់ថា៖ «រដ្ឋនឹងបើកការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ ៤១ នេះ នៅឆ្នាំក្រោយ យើងនឹងក្រាលជាកៅស៊ូ AC ហើយយើងនឹងដាក់ប្រឡាយឱ្យធំជាងមុន។ ដូច្នេះឆ្នាំក្រោយលែងលិចហើយ»។
ហើយចំពោះផ្លូវផ្សេងទៀត យើងកំពុងដោះស្រាយបញ្ហាចំពោះមុខ ដូចជាទប់មិនឱ្យទឹកហូរកាត់ផ្លូវ ហើយផ្លូវដែលដាច់យើងនឹងចុះវាយតម្លៃជាថ្មី និងជួសជុល ដើម្បីធ្វើឱ្យលែងលិចនៅឆ្នាំក្រោយ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏នឹងបន្តចុះត្រួតពិនិត្យផ្លូវដែលរងផលប៉ះពាល់មួយចំនួនទៀត ដូចជាផ្លូវជាតិលេខ ៣ លេខ ៤ លេខ ២ និងលេខ ២០ តាមស្ថានភាពជាក់ស្ដែង។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ១៥ តុលា នេះ ផ្លូវយ៉ាងហោច ២៦៣ កំណាត់ ឬ ស្មើនឹង ៣២៥ គម ទូទាំងប្រទេស ត្រូវបានខូចខាតដោយសារទឹកជំនន់។ (អានបន្ថែម)

