ក្រសួងសាធារណការ និង World Bank ពិភាក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធរចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាតនៅកម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា រវាងឯកឧត្តមរដ្ឋមន្ត្រីស្តីទី តូច ចាន់កុសល និងលោក Benedict L.J Eijbergen ប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូននៃធនាគារពិភពលោក។
ក្នុងកិច្ចប្រជុំ ភាគីទាំងពីរ បានពិភាក្សាអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។
អង្គប្រជុំ ក៏បានពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តសំខាន់ៗ ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ (PPLC)។
ជាមួយគ្នានោះ អង្គប្រជុំក៏បានពិភាក្សាផងដែរអំពីស្ថានភាពនៃការអនុវត្តគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ធនាគារពិភពលោកបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត សំដៅលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់ តែប្រសើរឡើង៕

