ក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង

ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោង Long Bay គ្របដណ្ដប់លើផ្ទៃដីសាងសង់ដល់ទៅ ២លានម៉ែត្រការ៉េ ឯណោះ ដែលអាចធ្វើសកម្មភាពវិនិយោគបានច្រើនបន្ថែមទៀត។

លោកឧកញ៉ា បន្តថា ទៅថ្ងៃអនាគតវិញ គម្រោង Long Bay ក៏មានជាក្រុមសណ្ឋាគារដ៏ប្រណីតបំផុតមួយ ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់លំហែកាយ វិស្សមកាល ថែរក្សាសុខភាព និងកម្សាន្ត បែបគ្រប់ជ្រុងជ្រោយជាដើម។

គម្រោងនេះទៀតសោត ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រចំពោះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង។

លោកជំទាវ អះអាងថា នេះជាការសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ដ៏ធំ ដែលបាននឹងកំពុងចូលរួមបង្កើតការងារក្នុងស្រុកជាច្រើនកន្លែង ពិសេសគឺជួយកែប្រែមុខមាត់ខេត្តកោះកុងបានមួយកម្រិតធំ។

លោកឧកញ៉ា តឹង ភីពីង បានឱ្យដឹងថា មកទល់បច្ចុប្បន្ន គម្រោង Long Bay មាននិយោជិតក្នុងស្រុកជាង ៨០០នាក់ ហើយនៅ២ឆ្នាំទៀត តម្រូវការនិយោជិតក្នុងស្រុក នឹងកើនដល់រាប់ម៉ឺននាក់។

គួរបញ្ជាក់ផងដែរថា គម្រោង Long Bay មានទីតាំងស្ថិតក្នុងតំបន់តារាសាគរដែលជាតំបន់វិស្សមកាលខ្នាតយក្សតម្លៃរាបពាន់លានដុល្លាររបស់ក្រុមហ៊ុនចិន UDG។ គម្រោងនេះ ជាប្រធានបទក្ដៅគគុកមួយ ដែលតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន។ (អានបន្ថែម)

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -