ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បើកសម្ពោធជាផ្លូវការហើយ
ក្រុមហ៊ុន PropNex Cambodia ជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរីបានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រងដែលមានទស្សនៈវិស័យច្បាស់លាស់បាននិងកំពុងបំពាក់បំប៉នដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។
ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះបាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។
ពួក គេ ប្រាថ្នា ចង់ ឱ្យ ក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ លើ អតិថិជន យកអតិថិជន ជា អាទិភាព។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia មានភ្នាក់ងារអចលនទ្រព្យជំនាញរបស់ខ្លួនសរុបចំនួន 400 នាក់ ហើយក្រុមហ៊ុនសង្ឃឹមថាក្រុមហ៊ុននឹងសម្រេចបាននូវបុគ្គលិកផ្នែកលក់សរុបចំនួន 1000 នាក់នៅឆ្នាំក្រោយ ឆ្នាំ2023ខាងមុខនេះ។
លោក Alan Neo ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា “PropNex បានមកដល់ប្រទេសកម្ពុជាក្នុងខែឧសភា ឆ្នាំ2021។ យើងបានជ្រើសរើសបើកដំណើរការទៅភ្នាក់ងាររបស់យើងនៅទីនេះក្នុងអំឡុងពេល Covid ព្រោះក្នុងអំឡុងពេលនោះវាជាឱកាសថ្មីមួយទៀតរបស់យើង។ កម្ពុជា ជា ទីផ្សារ ដែល កំពុង រីកចម្រើនខ្លាំង ហើយនៅ ខ្វះ ភ្នាក់ងារដែលមានវិជ្ជាជីវៈ ជាច្រើន។ យើងជឿជាក់ថាអចលនទ្រព្យនៅទីនេះនឹងមានការរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យើង ជា ភ្នាក់ងារ អចលន ទ្រព្យ ដែល បានចុះ បញ្ជី ត្រឹមត្រូវ លំដាប់លេខ ១ របស់ សិង្ហបុរី។ យើងផ្តល់នូវសេវាកម្មទូលំទូលាយលើការលក់គម្រោង ការវិនិយោគលើដីធ្លី ផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ គោលដៅ និងបំណងប្រាថ្នារបស់យើងសម្រាប់ពេលអនាគត គឺយើងនឹងក្លាយជាទីភ្នាក់ងារដ៏ជំនាញលំដាប់ពិភពលោក។ ហើយយើងចង់ជួយដឹកនាំមនុស្សជំនាន់ក្រោយអោយមានជំនាញលើអចលនទ្រព្យច្បាស់លាស់។ យើង បាន និង កំពុង បង្កើត មជ្ឈមណ្ឌល បណ្តុះបណ្តាល ដែល ទទួលស្គាល់ ដោយ រដ្ឋាភិបាល ប្រទេសសិង្ហ បុរី ក៏ដូចជា ការនាំយកនូវ ប្រព័ន្ធ IT របស់ប្រទេស សិង្ហ បុរី មកកាន់ ប្រទេស កម្ពុជា ជា លើកដំបូង ដែលមិន ធ្លាប់មាននៅ ក្នុង ប្រទេសកម្ពុជាកន្លងមក ។ រឿងដ៏គួរឱ្យរំភើបជាច្រើនទៀតនឹងមកដល់ប្រទេសមួយនេះ ហើយយើងសង្ឃឹមថាអ្នកនឹងមើលឃើញពីភាពរីកចម្រើនទាំងនេះជាមួយយើង យើង នឹង បន្ត ជ្រើសរើស ដៃគូ សហាការ ដែល ត្រឹមត្រូវ ឧស្សាហ៍ ព្យាយាម និងផ្តល់នូវ សេវាកម្ម ពេញលេញ”។
លោកស្រី អាន ធីតា នាយកគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia បានថ្លែងពីគោលបំណង និងគោលដៅរបស់លោកស្រីសម្រាប់ឆ្នាំខាងមុខថា “គោលដៅរបស់យើងសម្រាប់ឆ្នាំខាងមុខនេះ គឺអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយរបស់យើង បន្តយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើង និងចូលរួមចំណែកផ្តល់ត្រឡប់ទៅអោយប្រទេសរបស់យើងវិញ ដោយជួយដល់ក្រុមភ្នាក់ងារអចលនទ្រព្យរបស់យើង ដោយមានការបង្ហាត់បង្រៀនពួកគេឱ្យក្លាយទៅជាក្រុមការងារដ៏រឹងមាំ ដើម្បីជួយដល់អតិថិជនទាំងអស់របស់យើងប្រកបដោយវិជ្ជាជីវៈខ្ពស់។ យើងបាន ធ្វើ ផ្តល់ពត៍មានជូនអតិថិជន របស់យើងទាំងអស់តាមរយះ ការចេញផ្សាយនូវ បច្ចុប្បន្នភាព ទីផ្សារ អចលនទ្រព្យ ពីមួយដំណាក់កាលទៅមួយដំណាក់កាល។” នៅក្នុងកម្មវិធីនាពេលរសៀលនេះ ដែលប្រារព្ធធ្វើឡើងនៅនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal គឺជាការជួបជុំលក្ខណៈឯកជនសម្រាប់ក្រុមការងារផ្ទៃក្នុងរបស់ក្រុមហ៊ុន PropNex Cambodia និងភ្នាក់ងារឯករាជ្យ រួមជាមួយនិងក្រុមគ្រួសាររបស់ពួកគេ ហើយព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅជាទីបំផុត។ នៅក្នុងកម្មវិធីនាពេលរសៀលនេះ ក៏មាននូវកម្មវិធីប្រគល់ពានរង្វាន់ ដើម្បីអបអរសាទរដល់ភ្នាក់ងារអចលនទ្រព្យឆ្នើមរបស់ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ផងដែរ។ ភ្នាក់ងារអចលនទ្រព្យឆ្នើមដែលឈ្នះពានរង្វាន់ពីក្រុមហ៊ុន PropNexian Champions មានចំនួន54នាក់ សម្រាប់ឆ្នាំ2020 ដល់ខែមីនា ឆ្នាំ2022កន្លងទៅនេះ។
- Video Advertisement -