ក្រុមហ៊ុន Archetype Cambodia ទទួលបានវិញ្ញាបនបត្រអគារបៃតង LEED Gold ដើម្បីឆ្ពោះទៅរកការសាងសង់អគារប្រកបដោយនិរន្តរភាព
ក្រុមហ៊ុន Archetype Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មឈានមុខគេ បានទទួលវិញ្ញាបនបត្រ ក្រោមប្រព័ន្ធវាយតម្លៃអគារបៃតង LEED v4.1 សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ។
ការទទួលវិញ្ញាបនបត្រនេះបានសបញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងបរិស្ថាន ប្រសិទ្ធភាពនៃធនធាន និង និរន្តរភាពដែលឈានមុខគេក្នុងដំណើរនៃឧស្សាហកម្មសំណង់បៃតងនៅកម្ពុជា។
ក្រុមហ៊ុន Archetype Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ គឺជាក្រុមហ៊ុននាំមុខគេទៅលើ ការប្រឹក្សាយោបល់ផ្នែកសំណង់ ដោយផ្តល់នូវការរចនាប្រកបដោយនិរន្តរភាពដែលបំពេញតាមស្តង់ដារអន្តរជាតិ និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិក្នុងស្រុក។ ជាមួយនឹងក្រុមបុគ្គលិកជាង ៨០នាក់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបញ្ចប់គម្រោងដោយជោគជ័យរួមមានឧស្សាហកម្ម អចលនទ្រព្យ និងបដិសណ្ឋារកិច្ចជាង ១៤០ ដោយទទួលបានកេរ្តិ៍ឈ្មោះសម្រាប់ការច្នៃប្រឌិត និងរួមចំណែកដល់ការអភិវឌ្ឍន៍នៅទូទាំងប្រទេស។
ក្នុងពេលថ្មីៗនេះផងដែរ ក្រុមហ៊ុន Archetype Cambodia បានទទួលពានរង្វាន់ LEED Green Building Certification ដ៏មានកិត្យានុភាព ដោយសម្រេចបានកម្រិតGOLD ក្រោមប្រព័ន្ធ v4.1សម្រាប់ការប្រើប្រាស់ និងការថែទាំ៖ ប្រព័ន្ធវាយតម្លៃខាងក្នុងអគារ ជាមួយនឹងលទ្ធផលទទួល ៧២ពិន្ទុ ។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន Archetype Cambodia មានបំណងចង់ធ្វើការជាមួយក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីជួយឱ្យសម្រេចបាននូវឧត្តមភាពនៃអគារបៃតង។ លោក មីហ្សែល កាសាញ៖ នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia បានសម្តែងនូវមោទនភាពចំពោះវិញ្ញាបនបត្រ LEED Gold របស់ក្រុមហ៊ុនថា “យើងកំពុងឈានមុខគេក្នុងការផ្លាស់ប្តូរក្នុងឧស្សាហកម្មសំណង់ ហើយការិយាល័យដែលមានវិញ្ញាបនបត្រ LEED របស់យើងគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពនៅកម្ពុជា។ ក្រុមហ៊ុន Archetype គឺជាអ្នកបើកមុខនៅក្នុងដំណើរផ្លាស់ប្តូរអគារបៃតង ហើយយើងសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងចលនាមួយនេះទាំងអស់គ្នា។
ដំណើរការឆ្ពោះទៅយកវិញ្ញាបនបត្រ LEED ត្រូវបានដឹកនាំដោយ លោក Tran Huu Anh Tuan អ្នកគ្រប់គ្រងផ្នែកGreen Design នៃក្រុមហ៊ុន Archetype Group បានគូសបញ្ជាក់ពីវិធីសាស្រ្តដ៏ទូលំទូលាយរបស់ក្រុមហ៊ុនចំពោះនិរន្តរភាព ដែលរួមមានការធ្វើសវនកម្មថាមពលឆ្លងកាត់ ដើម្បីបង្កើនប្រសិទ្ធភាពថាមពលនៃប្រព័ន្ធអគារ និងសវនកម្មគុណភាពខ្យល់ក្នុងអគារ (IAQ) ដើម្បីធានាបាននូវបរិយាកាសក្នុងអគារដែលនាំមាន សុខភាពល្អ ផាសុកភាព និងប្រសិទ្ធភាពសម្រាប់បុគ្គលិក និងភ្ញៀវទាំងអស់។ លើសពីនេះទៀត ការគ្រប់គ្រងសំណល់រឹង និងគំនិតផ្តួចផ្តើមកែច្នៃឡើងវិញត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយកាកសំណល់ និងលើកកម្ពស់សេដ្ឋកិច្ចរាងជារង្វង់។
លោក Tran Huu Anh Tuan បានបន្តថា “យើងបានផ្តោតលើការផ្តល់អាទិភាពដល់មិត្តរួមការងារ និងដៃគូរបស់យើងជាមួយនឹងចំណេះដឹង និងឧបករណ៍ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់ទឹក។ គោលការណ៍នេះត្រូវបានអនុម័តដើម្បីលើកកម្ពស់ ការអនុវត្តការសម្អាតមិនផ្ដល់ផលប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ផលិតផលជួយបរិស្ថាន រួមទាំងកាត់បន្ថយបន្ថែមទៀតនូវដានបរិស្ថាន របស់ក្រុមហ៊ុនរបស់យើង ។វិញ្ញាបនបត្រ LEED Gold របស់ ក្រុមហ៊ុនArchetype Cambodia គឺជាសេចក្តីថ្លែងការណ៍ដ៏មានអានុភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះការអនុវត្តការសាងសង់ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវផ្នែកបរិស្ថាន។
ក្រុមការងារទាំងអស់នៅ ក្រុមហ៊ុនArchetype Cambodia មានមោទនភាពចំពោះសមិទ្ធិផលមួយនេះ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយអតិថិជន និងដៃគូរបស់ខ្លួនដើម្បីបង្កើតអនាគតប្រកបដោយនិរន្តរភាព។
ព័ត៍មានលម្អិត សូមទំនាក់ទំនង Ms Sara Duong (Business Development Manager), email: Sara.duong@archetype-group.com /០១៧ ៣៣៣ ០៥៣
- Video Advertisement -